ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ សារព័ត៌មានភ្នំពេញប៉ុស្តិ៍ និងសារព័ត៌មាននានាបានចេញផ្សាយថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបន្ទូលថា «ព្រះមហាក្សត្រគ្រោងនឹងកោះហៅមេដឹកនាំគណបក្សនយោបាយធំៗទាំង៣មកប្រជុំពិភាក្សាលើបញ្ហាព្រំដែន» ។
ពាក់ព័ន្ធករណីនេះ ក្រសួងព្រះបរមរាជវាំង សូមប្រកាសព័ត៌មានជូនសាធារណជនជ្រាបថា៖ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គពុំមានព្រះរាជតម្រិះ ឬព្រះរាជឱង្ការ ឬមានផែនការការកោះហៅមេដឹកនាំគណបក្សធំៗទាំងបីមកពិភាក្សាអំពីបញ្ហាព្រំដែនឡើយ ។
បើមានកិច្ចពិភាក្សាអំពីបញ្ហាសំខាន់ៗ ទាក់ទងនឹងប្រទេសជាតិនោះ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងពិគ្រោះយោបល់ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិប្រតិបត្តិ ហើយព្រះអង្គក៏មិនមានទម្លាប់ពិគ្រោះជាមួយគណបក្សនយោបាយឡើយ ។
ក្រសួងព្រះបរមរាជវាំង សូមបដិសេធ និងទាត់ចោលទាំងស្រុងនូវព័ត៌មានដ៏អាក្រក់ប្រាសចាកការពិតដូចដែលបានចុះផ្សាយក្នុងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ និងសារព័ត៌មាននានា ៕ សុខ ខេមរ៉ា