រយៈពេលកន្លងមកទំនិញមកពីប្រទេសរុស្ស៊ីបានគ្រប់ដណ្តបពេញទីផ្សារកូរ៉េខាងជើង សកម្មភាពខាងលើបានបញ្ចាក់យ៉ាងច្បាស់ថាជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងក្រោមការដឹកនាំរបស់ គីមជុងអ៊ុន ដើម្បីកាត់បន្ថយការអាស្រ័យទាំងស្រុងទៅលើទំនិញរបស់ចិន។
ប្រភពព័ត៌មានពីកូរ៉េខាងជើងបានឲ្យដឹងថា ចាប់តាំងពីចុងឆ្នាំ២០១៤មក កូរ៉េខាងជើង បាននាំចូលផលិតផលជាច្រើនពីប្រទេសរុស្ស៊ីក្នុងនោះមានទាំងស្បៀងអាហារ ថ្នាំសង្កូវដើម្បីជំនួសទំនិញមកពីប្រទេសចិន ដោយសារតែទំនិញរុស្ស៊ីមានគុណភាពខ្ពស់ជាងរបស់ចិនហើយតម្លៃក៏មិនលើសខ្វះគ្នានោះដែរ។
សកម្មភាពខាងលើសមស្របទៅនឹងការអំពាវនាវរបស់មេដឹកនាំ គីមជុងអ៊ុន ឲ្យពលរដ្ឋប្រើប្រាស់ទំនិញនៅក្នុងស្រុកច្រើនជាងទំនិញនាំចូលពីក្រៅស្រុក ទាំងនោះអាចជួយបង្កើតសកម្មភាពផលិតរបស់ពលរដ្ឋកូរ៉េខាងជើង។
ប្រភ័ពព័ត៌មានពីកូរ៉េខាងជើងបានឲ្យដឹងថា បទបញ្ចាររបស់មេដឹកនាំទីក្រុងព្យុងយ៉ាងឲ្យប្រើប្រាស់ទំនិញនៅក្នុងស្រុកគ្រាន់តែជាលេសសម្រាប់កាត់បន្ថយទំនិញនាំចូលពីប្រទេសចិន ហើយជំនួសទំនិញនាំចូលពីរុស្ស៊ីវិញម្តង។
ចំពោះទំនាក់ទំនងការបរទេស ចិនមានប្រៀបដោយសារតែចិនមានទំនាក់ទំនងយូឆ្នាំមកហើយ ហើយមានលទ្ធភាពដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបានយ៉ាងល្អ ក្នុងពេលដែលចិននិងកូរ៉េខាងជើងមានខ្សែបន្ទាត់ព្រំដែនដល់ទៅ ១៤០០គីឡូម៉ែត្រ។ ទាំងនោះហើយបានធ្វើឲ្យទំនិញចិនគ្រប់ដណ្តបពេញទីផ្សាកូរ៉េខាងជើង។ ប៉ុន្តែពេលនេះផលិតផលដូចជា ប្រេងឆា ម្សៅមី ស្ករផ្លែឈើរ របស់រុស្ស៊ីបានគ្រប់ដណ្តបច្រើនជាងទំនិញរបស់ចិននៅលើទីផ្សារកូរ៉េខាងជើង។
ទទឹមនឹងនោះសេដ្ឋកិច្ចកូរ៉េខាងជើងក៏ល្អប្រសើរឡើងវិញដោយសារតែលក្ខណផ្តល់កម្ជី ការលក់ប្រែងពីរុស្ស៊ីក្នុងតម្លៃថោក ។ តាំងពីនាំចូលប្រេងពីរុស្ស៊ីមកតម្លៃប្រេងនៅកូរ៉េខាងជើងចុះថោកជាងមុនយ៉ាងច្រើន ចំណែកទំនិញផ្សេងៗក៏មានតម្លៃថេរផងដែរ ជួយបង្ករលក្ខណៈងាយស្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើង។
តាមរដ្ឋមន្ត្រីអភិវឌ្ឍន៍នៅទិសខាងកើតរបស់រុស្ស៊ីលោក Alexander Galushka បានបញ្ចាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកូរ៉េខាងជើងនិងរុស្ស៊ីនាពេលនេះបានកើតឡើងជាងមុនដោយមានរហូតដល់១១២លានដុល្លារក្នុងមួយឆ្នាំ ហើយកិច្ចព្រមព្រៀងប្រទេសទាំងពីរនឹងជម្រុញវិស័យខាងលើឲ្យកើនឡើងរហូតដល់ទៅ១ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០។ រុស្ស៊ីឈរលំដាប់ទី៣ប៉ុណ្ណោះនៅក្នុងវិស័យពាណិជ្ជកម្មជាងមួយកូរ៉េខាងជើងបន្ទាប់ពីប្រទេសចិននិងកូរ៉េខាងត្បូង។
នៅពេលនេះរុស្ស៊ីបានខិតខំបង្កើនឥទ្ធិពលនៅកូរ៉េខាងជើងពិសេសវិស័យពាណិជ្ជកម្ម។ តាមសារព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សាយថា ការដែលបង្កើនពាណិជ្ជកម្មនៅទ្វីបអាស៊ីបានជួយដល់ទីក្រុងមូស្កូរមានច្រកចេញបន្ថែមទៀតនៅក្នុងការនាំទំនិញទៅក្រៅប្រទេស ក្នុងពេលដែលរុស្ស៊ីកំពុងតែទទួលរងការដាក់ទណ្ឌកម្មពីអាមេរិកនិងអឺរ៉ុបដោយសារតែវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ ចំណុចទាំងនោះហើយទើបរុស្ស៊ីសម្រេចលុបបំណុលរហូតដល់ទៅ១០ពាន់លានដុល្លារ ដល់កូរ៉េខាងជើង ដើម្បីដោះដូរនិងពាណិជ្ជកម្មឲ្យកាន់តែប្រសើថែមទៀត។
សាស្ត្រាចារ្យ Alexei Maslov មកពីសកលវិទ្យាល័យ សេដ្ឋកិច្ចទីក្រុងមូស្កូរបានបញ្ចាក់ថា ពេលនេះទំនិញនាំចេញរបស់កូរ៉េខាងជើង៨៩ភាគរយទៅកាន់ប្រទេសចិន។ភាគច្រើនទំនិញគឺជាធុនធានធម្មជាតិនិងវត្ថុធានដើម ជួយឲ្យកូរ៉េខាងជើងទទួលបានប្រាក់ចំណូលប្រមាណ7,34ពាន់លានដុល្លារ។
នៅពេលនេះដែរមេដឹកនាំកូរ៉េខាងជើងបានហាមប្រាំលក់ទំនិញនៅក្នុងអាកាសយានដ្ឋានថ្មី ដោយមេដឹកនាំ គីមជុងអ៊ុន បញ្ចាក់ថាទំនិញនាំចូលពីប្រទេសចិន គ្មានគុណភាព
សារព័ត៌មាន Douwei News បានផ្សាយថា តំបន់ផ្សារលើកលេងពន្ធនៅក្នុងអាកាសយានដ្ឋានថ្មីត្រូវបានបើកឲ្យដំណើរការតែទីក្រុងព្យុងយ៉ាងមិនអនុញ្ញាត្តិឲ្យមានទំនិញចិននៅទីនោះឡើយ។
ដោយសារតែមេដឹកនាំកូរ៉េខាងជើង ចូលចិត្តទំនិញមានគុណភាពទំនិញល្បីៗនៅលើពិភពលោក បានធ្វើឲ្យលោក គីមជុងអុន សម្រេចឲ្យលក់តែទំនិញល្អៗនៅអាកាសយានដ្ឋានថ្មី។ ហើយទំនិញមានគុណភាព ភាគច្រើនមកពីរុស្ស៊ី ដោយកូរ៉េខាងជើងពិបាករកទិញមកពីប្រទែសផ្សេងដោយសារតែការដាក់ទណ្ឌកម្មដឹកជញ្ជូនរបស់សហគមន៍អន្តរជាតិ។
ចំណែកទំនិញរបស់ចិនមិនខ្លាចការដាក់ទណ្ឌកម្មពីអន្តរជាតិតែ ផលិតផលមិនមានគុណភាពធ្វើឲ្យមេដឹកនាំកូរ៉េខាងជើងមិនចង់មើលឃើញទៀតឡើយនៅតំបន់សំខាន់ៗរបស់ជាតិ។ ទាំងនោះហើយបានជាទំនិញរបស់ចិនមិនឲ្យលក់នៅអាកាសយានដ្ឋានថ្មីដោយមានតែទំនិញរបស់កូរ៉េខាងជើងនិងទំនិញមកពីរុស្ស៊ីប៉ុណ្ណោះ។
កន្លងមកកូរ៉េខាងជើង ក៏មិនជឿរជាក់ទៅលើគុណភាពនៃសម្ភារៈសំណងរបស់ចិន ទើបស្នើរដល់កូរ៉េខាងត្បូងឲ្យលុបចោលទណ្ឌកម្ម ដើម្បីនាំសម្ភារៈសំណងចូលទៅកាន់កូរ៉េខាងជើង។
សកម្មភាពរបស់មេដឹកនាំកូរ៉េខាងជើងបានបង្ហាញយ៉ាងច្បាស់ថាលោកនឹងមិនដឹកនាំតាមបែបឪពុកនិងជីតានោះឡើយ ដែលអាស្រ័យទាំងស្រុងទៅលើប្រទេសចិន។ ចាប់តាំងពីលោក គីមជុងអុន ឡើងកាន់ដំណែងដឹកនាំប្រទេសជាតិជំនួសឪពុកមកលោកបានប្រកាសជួយកូរ៉េខាងជើងឲ្យរួចផុតពីឥទ្ធិពលរបស់ចិន។ លោក គីមជុងអ៊ុន បានចាប់ផ្តើមកាត់ផ្តាច់មន្ត្រី ដែលមានភាពជិតស្និតជាមួយចិនចេញឲ្យអស់ពីជួររដ្ឋាភិបាលដើម្បីជាការងាយស្រួលអនុវត្តគោលនយោបាយផ្សេងៗរបស់ទីក្រុងព្យុងយ៉ាង។
មន្ត្រីកូរ៉េខាងជើង៧រូបដែលគេចាត់ទុកថាមានភាពជិតស្និតជាមួយចិន ត្រូវបានលោក គីមជុងអុន ដកហូតដំណែង ខ្លះទៀតត្រូវប្រហារជីវិតតែម្តង។ ការកាត់បន្ថយមន្ត្រីជិតស្និតជាមួយចិន បានធ្វើឲ្យមេដឹកនាំចិនខឹងសម្បាយ៉ាងខ្លាំង ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេសជាលើកដំបូងរបស់ប្រធានាធិបតីចិនស៊ីជីងពីន លោកបានជ្រើសរើសកូរ៉េខាងត្បូងទស្សនកិច្ចមុនគេបង្អស់។ កន្លងមកមេដឹកនាំចិនរូបណាដែលឡើងកានអំណាច តែងតែជ្រើសរើសកូរ៉េខាងជើងទស្សនកិច្ចមុនគេ តែពេលនេះបានបង្វែរទិសដៅដោយសារតែ កូរ៉េខាងជើងមិនស្តាប់ចិនដូចកាលពីមុនទៀតឡើយ៕