បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្ត្រធំៗ និងស្ថានភាពបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ក្នុងរយ:ពេល 02 សប្តាហ៏ រួចមក នៅព្រឹកថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2015 នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះផ្ទាល់ ចាត់ចែងការបែងចែកទឹក ដើម្បីជួយដល់កសិករ ដោយចាប់ផ្តើមពីប្រព័ន្ធ ស្ទឺងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺ ទម្លាក់មកទំនប់អាងទឹក 7 មករា ( កំពង់ទួល) ហើយបញ្ចាល់ចូលតាមស្ទឹងតូច បង្ហូរទៅទន្លបាទី បន្ទាប់មកយើងប្រើប្រាស់ស្ថានីយបូមទឹកហ៊ុន សែន ទី 22 និងទី 23 បូមទឹកពីទន្លេបាទី ទម្លាក់ចូលប្រឡាយហនុមាន ទៅសង្គ្រោះស្រូវបងប្អូនប្រជាកសិករនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលកំពុងត្រូវការទឹកប្រមាណ 3.000 ហត ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការងារនេះមិនសាមញ្ញពេកទេ ព្រោះយើងត្រូវនាំទឹកឆ្ងាយ ព្រមទាំងត្រូវបង្ហែរ បញ្ចាល់ ឬបូមច្រើនដំណាក់កាល ការងារនេះទាមទារនូវការតស៊ូ អត់ធ្មត់ តែទោះជាយ៉ាងណា យើងត្រូវតែធ្វើឲ្យបាន ដើម្បីជួយដល់បងប្អូនកសិករ ។
ការបែបចែកទឹកមួយកន្លែងទៀត គឺធ្វើឡើងនៅខេត្តឧត្តរមានជ័យ ។ លោករដ្ឋមន្ត្រីបានបន្តថា ប្រព័ន្ធស្រោចស្រពស្ទឹងស្រែង ដែលទើបនឹងសាងសង់រួច មិនទាន់នឹងបានប្រគល់-ទទួល ផងនោះ ឥឡូវនេះកំពុងបង្ហាញពីសក្តានុពលរបស់វាហើយ ។
កន្លងមក ប្រព័ន្ធនេះ បានផ្តល់ទឹកដល់ស្រូវប្រមាណ 10.000 ហត នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាបរួចហើយ ឥឡូវនេះ ដោយពិនិត្យឃើញថា ផ្ទៃដីស្រូវខាងលើ បារួចផុតពីការព្រួយបារម្ភហើយ យើងបានបង្វែរទឹក ពីអាងស្ទឹងស្រែងនេះ ទៅជួយខាងបន្ទាយមានជ័យម្តង ។
យើងមានប្រឡាយមេបេតុង ជិត 50 គម ដើម្បីនាំទឹក ការងារនេះមិនលំបាកដូចខាងតាកែវទេ តែយើងក៏មានបញ្ហាដែរ ដោយសារតែបងប្អូនប្រជាពលរដ្ឋចេះតែលួចទម្លាក់ទ្វារទឹកនៅតាមប្រឡាយ ដើម្បីបញ្ចាល់ទឹកឲ្យហូរចូលស្រែ ។
ក្រសួងសូមអំពាវនាវដល់បងប្អូន កុំធ្វើរបៀបនេះទៀតអី ព្រោះផ្នែកខាងក្រោមកំពុងត្រូវការទឹកខ្លាំង បើបង្កឲ្យមានការរាំងស្ទះដូចនេះ អាចនឹងធ្វើឲ្យស្រូវនៅផ្នកែកខាងក្រោមរងការខូចខាត តែបើយើងចូលរួមទាំងអស់គ្នា ចែករំលែកគ្នា នោះយើងនឹងបានប្រមូលផលទាំងអស់គ្នា ។
លោករដ្ឋមន្ត្រីបន្តថា មកដល់ពេលនេះ ភ្លៀងនៅធ្លាក់តិច តែតាមរយ:វិធានការបែងចែកទឹក ដែលក្រសួងបាន និងកំពុងចាត់ចិធានការនាពេលនេះ គឺយើងអាចគ្រប់គ្រងសភាពការណ៏នេះបាន ។