មណ្ឌលគិរី៖ អភិបាលរងខេត្តមណ្ឌលគិរី លោក យឹម លុច្ស បានមានប្រសាសន៍ថា គ្រឿងញៀនជាឃាតកដ៏ សាហាវ សំលាប់ដល់អាយុជីវិតមនុស្ស និងបំផ្លាញដល់សហគមន៍ និងប្រទេសជាតិ ។ លោកថ្លែង បែបនេះ នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំនេះ នៅសាលប្រជុំ ក្រុមប្រឹក្សាខេត្តក្រោមប្រធានបទ (ចូរឱ្យជីវិត សហគមន៍ និងអត្តសញ្ញាណយើងគ្មានគ្រឿងញៀន) ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តទៀតថា ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ជាដៃគូជាតិនិងអន្តរជាតិ វិស័យឯកជន វិស័យសាសនា និងម្ចាស់ជំនួយនានា ដែលបានខិតខំប្រឹងប្រែងចូលរួមអនុវត្ត យ៉ាងសកម្ម លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះនាពេលកន្លងមក និងសូមឱ្យប្រពៃណី នៃការចូលរួមនេះ បន្តស្ថិតនៅ និងកាន់តែសកម្មថែមទៀត ដើម្បីជាឧត្តមប្រយោជន៍រួម គឺការលើកម្ពស់សុខុមាលភាពប្រជាជន ការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបង្កលក្ខណៈកាន់តែអនុគ្រោះដល់ការអភិវឌ្ឃន៍ប្រទេសជាតិ ។
ចំពោះមាតាបីតាត្រូវទទួលខុសត្រូវថែមទៀតក្នុងការអប់រំ ណែនាំថែទាំ ត្រួតពិនិត្យ និងសង្កេត ដើម្បីឱ្យកូនចៅជៀសឆ្ងាយពីគ្រឿងញៀន ហើយបើមានការប៉ះពាល់ ត្រូវប្រញាប់ប្រញ៉ាលលើកទឹកចិត្តយកទៅព្យាបាល កុំលាក់ទុកកុំរក្សាទុក ដោយលើកពីហេតុផលផ្សេងៗ ដើម្បីបដិសេធមិនបញ្ជូនទៅព្យាបាល ដែលជាការបង្ក គ្រោះដល់ខ្លួនឯងវិញ។
លោកអភិបាលរងខេត្តមណ្ឌលគិរីបានជម្រុញដល់រដ្ឋបាលក្រុង-ស្រុកត្រូវអនុវត្តផែនការសមរភូមិប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីកសាងបានភូមិឃុំមានសុវត្ថិភាពគ្មានគ្រឿងញៀន ត្រូវបំផុស និងជម្រុញ ដល់សហគមន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមគ្រប់ រូបភាពឱ្យចេះបដិសេធគ្រឿងញៀន និងជួយជនរងគ្រោះឱ្យទទួលបាននូវសេវាព្យាបាល ថែទាំសុខភាព ដោយភាពជឿជាក់ និងទុកចិត្តការរួមចំណែកទាំងអស់នេះទើបបានជោគជ័យប្រទេសយើងគ្មានគ្រឿងញៀន ។