ក្រុមហង្សក្រហម Liverpool របស់ អង់គ្លេសបានទិញអ្នកចាំទី Loris Karius ពីក្លិប Mainz ក្នុងប្រទេសអាល្លឺម៉ង់ដោយ តម្លៃខ្លួន៦,៨លានដុល្លារអាមេរិក។
អ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់អាយុក្រោម២១ឆ្នាំនេះបានយល់ព្រមចុះកិច្ច សន្យាលេងឲ្យក្រុមហង្សក្រហមរយៈពេល៥ឆ្នាំ។ Karius នឹងប្រកួតប្រជែងយក តំណែងជម្រើស១១នាក់ដំបូងពីអ្នកចាំទី បច្ចុប្បន្នរបស់ហង្សក្រហមកីឡាករ Simon Mignolet របស់ប្រទេសបែលហ្ស៊ិក។
កីឡាករវ័យ២២ឆ្នាំLoris Kariusបាន បង្ហាញខ្លួនចំនួន៣៤ប្រកួតឲ្យក្រុម Mainz កាលពីរដូវកាលមុនជួយឲ្យក្រុមឈរលំដាប់លេខ៦នៅអាល្លឺម៉ង់ Bundesliga ហើយ បានរារាំងមិនឲ្យគូប្រកួតស៊ុតបាល់បញ្ចូលទីបានចំនួន៩ដង ។
កីឡាករ Kariusបាននិយាយនៅក្នុង គេហទំព័ររបស់ក្លិប Liverpoolថា “ខ្ញុំមាន អារម្មណ៍ល្អណាស់និងជាកិត្តិយសបំផុតដែលបានលេងឲ្យក្រុមធំដូចជា Liver pool នេះ។ ខ្ញុំស្គាល់ក្លិបច្បាស់ដោយបាន មើលការប្រកួតរបស់ពួកគេតាមទូរទស្សន៍។ អ្នកទាំងអស់គ្នាបានដឹងហើយនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់ក្លិបហង្សក្រហម។ ខ្ញុំបាននិយាយជាមួយនឹងគ្រូបង្វឹកហើយគាត់បានប្រាប់នូវអ្វីដែលគាត់ចង់ឲ្យខ្ញុំធ្វើ ហើយខ្ញុំបានសម្រេចចិត្តមកកាន់ទីនេះ”៕
ដោយ៖ ដេវីត