ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រេីដុំថ្មវាយប្រហារជនរងគ្រោះម្នាក់ រួចព្យាយាមរត់គេចខ្លួនបាត់ពីរថ្ងៃ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋានគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ក្រោយពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៧និង២០នាទី លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់លោកវរសេនីយ៍ទោ ជា សិដ្ឋជ័យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងជំនាញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប នឹងឃាត់ខ្លួនជនសង្ស័យឈ្មោះ ភី ភាព ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅត្រង់ចំណុចតារាងបាល់ទះ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីយកមកធ្វើការសាកសួរ ចំណែកឈ្មោះ វាសនា កំពុងគេចខ្លួន។
គួររំលឹកដែរថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៥និង៥០នាទី ឈ្មោះ ភី ភាព បានបើកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ 1IX-5321 ឌុបឈ្មោះ វាសនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាន ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកចំណុចរោងចក្រអប្សរា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រោយមកនៅវេលាម៉ោង១៦:១០នាទី ឈ្មោះ ភី ភាព ក៏បានឃើញជនរគ្រោះ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតម៉ាក ហុងដាប៊ីត ពណ៌ខៀវ មិនចាំផ្លាកលេខ នៅចំណុចបណ្តោយផ្លូវជាតិលេខ៣ ម្តុំស្ពានអាកាសចោមចៅ ឈ្មោះ ភី ភាព ក៏បានបើកម៉ូតូតាមទៅខាងឆ្វេងដៃជនរងគ្រោះ រួចធាក់ម៉ូតូបុរសម្នាក់បណ្តាលឲ្យដួល ហើយឈ្មោះ វាសនា ក៏បានធ្វើកម្មភាពយកដុំថ្មបេតុង ទំហំ១០ស.ម គប់ទៅលើជនរងគ្រោះ ប៉ុន្តែគប់មិនត្រូវ ដោយសារជនរងគ្រោះដួលម៉ូតូ ក្រោយពីធ្វើសកម្មភាពរួច ឈ្មោះ ភី ភាព និងឈ្មោះ វាសនា នាំគ្នាជិះម៉ូតូគេចខ្លួន ។
បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបាននាំជនសង្ស័យខាងលើនេះប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃអង្គារទី០៨ ខែវិច្ឆិកានេះ ដេីម្បីចាត់ការបន្តតាមនីតិវិធី និងស្វែងរកបក្ខពួកម្នាក់ទៀតតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់៕ ដោយ៖សហការី