នាយករដ្ឋអង់គ្លេស លោក David Cameron បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីពង្រឹងពាណិជ្ជកម្ម និងការពិភាក្សាទៅលើការប្រយុទ្ធប្រឆាំងក្រុមរដ្ឋអិស្លាម IS ។ លោក David Cameron បានឈប់សំចតដំបូងគេនៅប្រទេសឥណ្ឌូនេស៊ីក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ដែលអមដំណើរដោយពាណិជ្ជករអង់គ្លេសប្រមាណ៣០នាកង និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរ មុនពេលលោកបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម ។
លោកនាយករដ្ឋមន្ត្រី David Cameron មានគម្រោងជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ដែលប្រទេសទាំងពីរនេះត្រូវលោក David Cameron មើលឃើញថា ជាប្រទេសសត្រូវចំពោះក្រុមជ្រុលនិយមរដ្ឋអិស្លាមIS ដែលគ្រប់គ្រងដែនដីភាគច្រើននៅស៊ីរី និងអីរ៉ាក់ ។ យុវជនសញ្ជាតិប្រ៊ីតុនជាច្រើនរយនាក់បានចូលរួមជាមួយក្រុមរដ្ឋអិស្លាមIS នៅក្នុងប្រទេសស៊ីរី និងអីរ៉ាក់ ដែលជាមូលហេតុនាំឲ្យមានការព្រួយបារម្ភខ្លាចថា ពួកគេទាំងនោះនឹងបើកការវាយប្រហារនៅក្នុងទឹកដីកំណើតរបស់ពួកគេ បន្ទាប់ពីត្រឡប់មកបីស៊ីរី ឬអីរ៉ាក់នោះ ។
ប្រទេសឥណ្ឌូនេស៊ីជាប្រទេសមួយដែលមានពលរដ្ឋកាន់សាសនាមូស្លីមច្រើនជាងគេបំផុតក្នុងពិភពលោក និងជាប្រទេសដែលតស៊ូយ៉ាងខ្លាំងក្លាក្នុងរយៈពេលវែងទៅនឹងក្រុមអិស្លាមជ្រុលនិយមផងដែរ។ ប្រទេសនេះមានបង្ហើបថា ពលរដ្ឋក្នុងប្រទេសរបស់ខ្លួនប្រមាណ៥០០នាក់បានចាញ់បោកតាមការលួងលោមរបស់ក្រុមIS ឲ្យទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈដែលប្រទេសម៉ាឡេស៊ីដែលមានជនមូស្លីមរស់នៅភាគច្រើនផងនោះក៏មានពលរដ្ឋទៅចូលរួមជាមួយក្រុមផ្តាច់ខ្លួនដែរ ។
ថ្លែងនៅមុនចាកចេញដំណើរធ្វើទស្សនកិច្ច ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្រៅពីតំបន់អឺរ៉ុបរបស់លោក David Cameron ក្រោយជាប់ឆ្នោតនាយករដ្ឋមន្ត្រីកាលពីខែឧសភា ឆ្នាំ២០១៥ លោកបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយមេដឹកនាំប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍ ស្តីអំពីបញ្ហាគំរាមកំហែងដ៏ធំបំផុតដែលពិភពលោកកំពុងប្រឈមមុខនេះ ។
លោកបានបន្តថា «យើងនឹងធ្វើឲ្យក្រុមភេរវកម្មដ៏ឃោរឃៅទាំងនោះបរាជ័យ ប្រសិនបើយកចាត់វិធានការ ទាំងនៅក្នុងប្រទេសកំណើត ទាំងនៅបរទេស និងតាមប្រព័ន្ធអនឡាញ ហើយប្រសិនបើប្រទេសជាច្រើនរួបរួមគ្នានៅជុំវិញពិភពលោកប្រឆាំងសត្រូវរួមនេះ» ។ លោក Cameron បន្តថា យើងនឹងបញ្ជូនក្រុមជំនាញឲ្យអនុវត្តការប្រឆាំងក្រុមភេរវកម្ម និងរៀនសូត្រផងដែរពីម៉ាឡេស៊ី និងឥណ្ឌូនេស៊ី អំពីលទ្ធផលដែលពួកគេបានទទួលជោគជ័យក្នុងការប្រឆាំងទៅលើក្រុមផ្តាច់ខ្លួនជ្រុលនិយម និងកសាងសង្គមមួយប្រកបដោយសុខដុម ៕