ភ្នំពេញ៖ យុវជន២នាក់បានរងរបួសស្រាលដោយសារតែជិះម៉ូតូហើយត្រូវរថយន្តដឹកត្រីបើកគៀរ កាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះនរត្តម ខាងត្បូងវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បើតាមសាក្សីដែលឃើញហេតុការបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ សេ១០០ ឆ្នាំ២០១២ ពណ៌ទឹកបិច-ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BJ-3113 ឌុបគ្នា២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរត្តមក្នុងទិសដៅពីត្បូងទៅជើង ពេលធ្វើដំណើរមកជិតដល់កែងផ្លូវព្រះសីុហនុដែលជាកន្លែងកើតហេតុ ក៏មានរថយន្តដឹកត្រីមួយគ្រឿងម៉ាក ISUZU ចំណុះ២.៥ តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8489 ធ្វើដំណើរស្របទិសគ្នាគៀរឲ្យដួល រួចរថយន្តមិនបានឈប់ដោះស្រាយទេ បានបើកគេចដោយបត់ស្តាំតាមផ្លូវព្រះសីហនុ រហូតដល់ក្បែរមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ទើបកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាន ហើយអឲ្យអ្នកបើកបរទៅដោះស្រាយជាមួយជនរងគ្រោះនៅកន្លែងកើតហេតុវិញ ។
ក្រោយពេលកើតហេតុភាគីទាំង២បានធ្វើការចរចារគ្នាដោយខាងម៉ូតូទារសំណង១០០ដុល្លារ តែខាងរថយន្តសុំត្រឹម ៥០ដុល្លា ។ ជាចុងក្រោយភាគីរថយន្តបង្កសុខចិត្តសងសំណងចំនួន ៦០ដុល្លារ ដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែងកើតហេតុតែម្ដង ៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...