រដ្ឋមន្ត្រីក្រសួងការពារមហាផ្ទៃ របស់ប្រទេសបារាំងលោក Bernard Cazeneuve បាននិយាយថា ប្រទេសបារាំងនឹងដាក់ពង្រាយកងសន្តិសុខរហូតដល់ទៅជាង៩ម៉ឺននាក់ដើម្បីធានាសុវត្ថិភាពក្នុងកម្មវិធីប្រកួតបាល់ទាត់យូរ៉ូឆ្នាំ២០១៦។
ការប្រកួតដណ្តើមជើងឯកទ្វីបអឺរ៉ុបនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមីថុនា រហូតដល់ថ្ងៃទី១០ ខែកក្កា ពោលគឺរយៈពេលមួយខែដែលបារាំងនឹងធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែអ្វីដែលព្រួយបារម្មណ៍ខ្លាំងបានកើតឡើងក្រោយមានការវាយប្រហារដោយពួកអ៊ិស្លាមកាលពីខែវិច្ចកា បណ្តាល់ឲ្យមនុស្ស១៣០នាក់បានស្លាប់។
មនុស្សចំនួន២,៥លាននាក់ត្រូវបានគេរំពឹងថា នឹងមកចូលរួមទស្សនាការប្រកួតទាំង៥១ប្រកួត របស់ក្រុមទាំង២៤ រួមមាន១០កីឡដ្ឋាន។ មិនត្រឹមតែប៉ុណ្ណោះមានទាំងការបញ្ចាំងការប្រកួតតាមវីឌីអូផ្ទាំងធំៗសម្រាប់ឲ្យអ្នកគាំទ្រនៅកន្លែងជាច្រើនទៀតផង។
លោក Cazeneuve បានប្រាប់អ្នកសារព័ត៌មានថា «ព្រឹត្តការណ៍ ដ៏អស្ចារ្យនេះទាមទារឲ្យមានវិធានការការពារខ្ពស់។ អ្វីដែលគំរាមកំហែងដល់សន្តិសុខខ្ពស់បំផុតគឺ ការវាយប្រហារបស់ភារវករ និង ក្រុមបង្កចលាចលពេលប្រកួត ។ ប៉ូលិស៧ម៉ឺន៧ពាន់នាក់ រួមនឹងប៉ូលិសប្រឆាំងកុប្បកម្មនឹងត្រូវដាក់ពង្រាយជាមួយនឹងភ្នាក់ងារសន្តិសុខឯកជន១ម៉ឺន៣ពាន់ និង អ្នកស្ម័គ្រចិត្តចំនួន១ពាន់នាក់» ៕
ដោយ៖ សារីម