ភ្នំពេញ : ក្រោយជំនួបបញ្ចប់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា , នៅក្នុងជំនួបនេះថ្នាក់ដឹកនាំកំពូលទាំងពីរ បានពិភាក្សាគ្នា លើប្រធានបទទី ១ .អាស៊ាន ទី ២.ការអភិវឌ្ឍធនធានមនុស្សនិងវិស័យអប់រំ ទី ៣. ទេសចរណ៍ ទី ៤.ពាណិជ្ជកម្ម ទី ៥.សន្តិសុខ ទី ៦.ការប្រែប្រួលអាកាសធាតុ និងសំណល់រឹងនៅក្នុងសមុទ្រ ទី ៧.ការតភ្ជាប់និងទី ៨.ការដោះមីន។
លោក អ៊ាង សុផល្លែត បានបន្តឲ្យដឹងដែរថា ថ្នាក់ដឹកនាំកំពូលទាំងពីរ ដែលបានឯកភាពគ្នានោះគឺ.បន្តសហការគ្នារក្សាតួនាទីស្នូល និងមជ្ឈភាពអាស៊ាន ។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលធនធានមនុស្សសំដៅកសាងធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសស្របតាមការវិវត្តន៍របស់សង្គមនាពេលបច្ចុប្បន្ន។ជំរុញបន្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍តាមរយៈគោលដៅគោលការណ៍ប្រទេសពីរគោលដៅទេសចរណ៍មួយ។ជំរុញបន្តកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈការស្វែងរកការធ្វើពាណិជ្ជកម្មលើវិស័យផ្សេងៗទៀត ជាពិសេសលើវិស័យកសិកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យដល់ ១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ជំរុញបន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនៅតាមព្រំដែន។ជំរុញបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាប្រែប្រួលអាកាសធាតុនិងសំណល់រឹងនៅក្នុងសមុទ្រដែលការប្រែប្រួលអាកាសធាតុនេះ ជះឥទ្ធិពលអវិជ្ជមានដល់គុណភាពកសិផលផង និងសំណល់ផ្លាស្ទិកនៅក្នុងសមុទ្រអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពប្រជាជនផង។ជំរុញកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ផ្លូវគមនាគមន៍ទាំងផ្លូវថ្នល់និងផ្លូវដែកសម្រាប់ប្រទេសទាំងពីរ។ ជម្រុញកិច្ចសហប្រតិបត្តិការរួមគ្នាដោះមីនលើទីតាំងស្របតាមព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់ប្រជាជននៃប្រទេសទាំងពីរ។
នៅវេលាម៉ោងប្រមាណ ១១ព្រឹកនេះ ! សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ច័ន្ទអូចា ជួបពិភាក្សាការងារ ជាមួយប្រតិភូទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រី បានជួបសម្តែងការគួរសម និងពិភាក្សការងារ នៅវេលាម៉ោងប្រមាណ ១១ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែចាប់ផ្តើមពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ ៕
ដោយ : សិលា