ភ្នំពេញ៖ ដោយសារតែការប្រើប្រាស់ថ្នាំញៀនប្រភេទម៉ហ្វីនលើសកម្រិតបណ្តាលឲ្យបុរសជនជាតិម៉ាឡេស៊ីម្នាក់បានគាំងបេះដូងដេកស្លាប់ក្បែរគ្រែពូកនៃបន្ទប់សណ្ឋាគារយីហោ អាម៉ាន់ស្សាយ៉ា (Amanjaya) ត្រង់បន្ទប់លេខ២២ទីតាំងលេខ១ ផ្លូវលេខ១៥៤ ភូមិ៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ បង្កឲ្យមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលគាំងបេះដូងស្លាប់នោះឈ្មោះ Aaron Limhoong Tat ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរទសចរណ៍កាន់លិខិតឆ្លងដែនលេខ A២៧៦៥៤៥១៨ ជនជាតិម៉ាឡេស៊ីស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាកើតហេតុ។ យោងតាមការបំភ្លឺរបស់ឈ្មោញ តូច ចាន់ស្រីស្រស់ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រងសណ្ឋាគារបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅវេលាម៉ោង២រសៀល អ្នកទទួលភ្ញៀវក្នុងសណ្ឋាគារឈ្មោះ ចរិយា ភេទស្រី អាយុ២៥ឆ្នាំ បានទៅប្រាប់ថា ជនបរទេសដែលស្នាក់នៅបន្ទប់លេខ២២ នោះដល់ម៉ោងចេញពីសណ្ឋាគារហើយព្រោះគាត់ឈប់ជួល។ ពេលនោះក៏បានទៅគោះទ្វារមិនមានការឆ្លើយតបនិងមិនបើកទ្វារនោះទេ ហើយក៏បានទៅហៅជាងប្រចាំសណ្ឋាគារមកជួយគាស់គន្លឹះទ្វារបើកមើលស្រាប់តែឃើញជនបរទេសរូបនោះដេកស្លាប់នៅក្បែរគ្រែពូក ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ដោយឆ្លងតាមការត្រួតពិនិត្យធ្វើកោសល្យវិច័យរបស់គណៈកម្មការជំនាញបានញ្ជាក់ថា ជនបរទេសដែលស្លាប់នោះដោយសារគាំងបេះដូងមកពីការប្រើប្រាស់សារធាតុញៀនប្រភេទម៉ហ្វីនលើសកំរិត៕
ដោយ៖ ព្រែកជ័យ