ភ្នំពេញ៖ រថយន្ត LAND CRUSER ស៊េរីទំនើបមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R- 8882 ក្នុងរថយន្ដនោះមានមនុស្សប្រុសចំនួន ៥នាក់ បានធ្វើសកម្មភាពបាញ់បោះសេរីចំនួន៥គ្រាប់ នៅមុខក្លឹបកំសាន្ត TRUE FACE ហើយបើកគេចបាត់ ប៉ុន្តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ។
បើយោងតាមសម្តីរបស់សន្តិសុខដែលយាមនៅមុខក្លឹបកំសាន្ត TRUE FACE បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣និង៣៥នាទីទៀបភ្លឺថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅមុខក្លឹបកំសាន្ត TRUE FACE ផ្លូវស៊ីសុវត្ថិកែងផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពដដែរ បានបន្តទៀតថា ករណីផ្ទុះអាវុធអនាធិបតយ្យ ចំនួន ៥គ្រាប់នេះគឺ បង្កឡើងដោយរថយន្តម៉ាក LAND CRUSER (ស៊េរីឆ្នាំ២០១០) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R. 8882 ក្នុងរថយន្ដនោះមានមនុស្សប្រុសចំនួន ៥នាក់ ក្រោយធ្វើសកម្មភាពបាញ់រួចហើយបើកគេចបាត់ ហើយអ្នកបាញ់នោះត្រូវបានសន្តិសុខក្លឹបកំសាន្ត TRUE FACE ស្គាល់ថា អត្តសញ្ញាណឈ្មោះ រិទ្ធ ហៅញ៉ាញ់ ភេទប្រុស និងបក្សពួក ៤នាក់ទៀតមិនត្រូវបានស្គាល់ឈ្មោះ ។
បើតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីមានការផ្ទុះអាវុធនេះឡើងហើយ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ កំពុងធ្វើការស្រាវជ្រាវតាមចាប់ក្រុមខ្មាំងកាំភ្លើងដែលបាញ់បោះស៊េរីខាងលើនេះ ដើម្បីដាក់ទោសតាមនីតិវិធី ។
ដោយឡែកពាក់ព័ន្ធករណីនេះដែលមន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ ក៏បានឲ្យដឹងថា ជនដែលបាញ់បោះស៊េរីខាងលើនេះ កម្លាំងកំពុងតែតាមប្រមាញ់និងធ្វើការស្រាវជ្រាវ រកជនសង្ស័យទាំងអស់នោះយកមកដាក់ទោសតាមច្បាប់ផងដែរ ។
ចំពោះករណីនេះដែលប្រជាពលរដ្ឋចាំមើលថា តើក្រុមខ្មាំងកាំភ្លើងដែលបាញ់បោះស៊េរីទាំងអស់នោះដែលជិះសុទ្ធតែរថយន្តស៊េរីទំនើបនិងសុទ្ធតែជាកូនអ្នកមានអំណាច គេចផុតពីសំណាញ់ច្បាប់ដែរឬទេ ៕
ដោយ៖ ស ដារ៉ា