នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចូលរួមកិច្ចប្រជុំប្រទេស G7 ប្រធានាធិបតី អូបាម៉ា បានបញ្ចាក់ថា កូរ៉េខាងជើងនៅតែជាក្តីកង្វល់ដល់សន្តិសុខនៅក្នុងតំបន់និងនៅលើពិភពលោកទាំងមូល។
ជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅតែបារម្ភជានិច្ចពីការវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សម្រាប់លោក អូបាម៉ា កូរ៉េខាងជើងនេះ ជាប្រភពកង្វល់ធំជាងគេសម្រាប់ពិភពលោក។ ខុសពីក្រុមជីហាតអង្គការរដ្ឋអ៊ិស្លាម
ដែលជាក្រុមភេរវជនដ៏គ្រោះថ្នាក់ និងគំរាមកំហែងភ្លាមៗ លោក អូបាម៉ា បាននិយាយថា កូរ៉េខាងជើងរបបមួយដែលគ្មានស្ថិរភាពនិងឯកោអាចបង្កការគំរាមកំហែងក្នុងរយៈពេលមធ្យមមួយដែលគេចាំបាច់ត្រូវតែប្រយ័ត្នជាប់ជានិច្ច។
កូរ៉េខាងជើងបានផ្គើនបម្រាមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៤ នៅខែមករាដើមឆ្នាំនេះ។ ជាប្រតិកម្មតបវិញអង្គការសហប្រជាជាតិបានបោះឆ្នោតអនុម័តទណ្ឌកម្មថ្មីនិងធ្ងន់ធ្ងរជាងមុនទៅលើរបបកុម្មុយនិស្តកូរ៉េខាងជើង។
នៅថ្ងៃព្រហស្បតិ៍នៅក្នុងសន្និសីទស្តីពីសន្តិភាពនិងសន្តិសុខនៅអាស៊ីខាងកើតដែលរៀបចំក្នុងទឹកដីកូរ៉េខាងត្បូងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បានគីមូន ក៏បានលើកនិយាយពីកូរ៉េខាងជើង។ លោក បានគីមូន គេគួររកផ្លូវចរចាជាមួយកូរ៉េខាងជើង។
នៅក្រោយការបាញ់សាកល្បងនុយក្លេអ៊ែរ ទីក្រុងព្យុងយ៉ាងធ្លាប់បានស្នើឲ្យបើកឡើងវិញ ការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរជាមួយប្រទេសមហាអំណាច។ ថ្មីៗនេះទៀតកូរ៉េខាងជើងនៅបានអំពាវនាវឲ្យកូរ៉េខាងត្បូងបើកការចរចាថ្នាក់យោធាដើម្បីបន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែសំណើនេះត្រូវកូរ៉េខាងត្បូងបដិសេធនិងចាត់ទុកសំណើរបស់កូរ៉េខាងជើងជាយុទ្ធសាស្រ្តឃោសនាបន្លំភ្នែក។ រដ្ឋាភិបាលក្រុងសេអ៊ូលធ្លាប់បានប្រកាសហើយថា ការចរចាជាមួយកូរ៉េខាងជើងអាចធ្វើទៅបានដរាបណាកូរ៉េខាងជើងសុខចិត្តលះបង់ចោលមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន។
កន្លងមកបេក្ខភាពប្រធានាធិបតីអាមេរិកលោក ដូណាលត្រាំ និងលោកស្រី ហ៊ីលឡារីគ្លីនតុន បានលើកឡើងថាប្រសិនបើជាប់ឆ្នោតនោះនឹងពិភាក្សាជាមួយកូរ៉េខាងជើងបញ្ចប់វិបត្តិ។ ប៉ុន្តែមន្ត្រីកូរ៉េខាងជើងប្រកាសថា បេក្ខភាពប្រធានាធិបតីអាមេរិកកំពុងតែកេញចំណេញនយោបាយតែប៉ុណ្ណោះ។
នៅក្នុងព្រិត្តិកាណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ នៅថ្ងៃសុក្រនេះលោក បារ៉ាក់ អូបាម៉ា ជាប្រធានាធិបតីអាមេរិកទី១ ដែលធ្វើដំណើរទៅទីក្រុងហ៊ីរ៉ូជីម៉ា ដែលបានរងការទម្លាក់គ្រាប់បែកបរិមាណូអាមេរិក កាលពីនៅសង្រ្គាមលោកលើកទី២។ នៅថ្ងៃព្រហស្បតិ៍ នៅក្នុងសន្និសីទកាសែត នៅក្រៅជំនួបកំពូលក្រុមប្រទេសG7 លោក អូបាម៉ាអះអាងថា វត្តមានរបស់លោកនៅហ៊ីរ៉ូជីម៉ា គឺដើម្បីក្រើនរំលឹកជាថ្មី ពីគ្រោះថ្នាក់នៃអាវុធនុយក្លេអ៊ែរ។ សម្រាប់លោក អូបាម៉ា កូរ៉េខាងជើងដែលទើបបានផ្គើនបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៤ នៅដើមឆ្នាំនេះគឺជាប្រភពកង្វល់ធំជាងគេ។
នៅថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានលើកឡើងពីហេតុផលដែលធ្វើឲ្យលោកត្រូវទៅហ៊ីរ៉ូជីម៉ា ជាទីដែលប្រជាជនជាង ១សែន៤ម៉ឺននាក់ បានស្លាប់ដោយការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិក នៅសម័យសង្រ្គាមលោកលើកទី២។ តាមលោក អូបាម៉ា នៅ៧០ឆ្នាំក្រោយចប់សង្រ្គាមលោកលើកទី២ ពិភពលោកនៅតែប្រឈមនឹងការគំរាមកំហែងដោយសង្រ្គាមនុយក្លេអ៊ែរ៕
ប្រែសម្រួល៖សាធី