ភ្នំពេញ ៖ កីឡាករប្រណាំងម៉ូតូវ័យក្មេង ឈ្មោះ ឃួន បណ្ឌិត មានក្តីស្រមៃទៅថ្ងៃ អនាគត ចង់ជិះម៉ូតូប្រណាំងតំណាងឲ្យព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីលើកមុខមាត់ប្រទេស និងដើម្បីកិត្តិយសរបស់គេដែលជាកូនពៅរបស់ លោកឃួន ពិលុត កីឡាករឆ្នើមកម្ពុជានាពេលបច្ចុប្បន្នហើយលោកបានខិតខំបង្វឹកហាត់កូនប្រុសរបស់លោកឲ្យចេះជិះម៉ូតូ ប្រណាំងខ្នាតតូចតាំងពី ឃួន បណ្ឌិត អាយុបាន៥ឆ្នាំ។
កុមារា ឃួន បណ្ឌិត បច្ចុប្បន្នទើបមានអាយុ១១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេហាក់ស្ទាត់ជំនាញខាងជិះម៉ូតូប្រណាំងខ្នាតតូចដោយភាពប៉ិនប្រសប ដោយបានឆ្លងកាត់បទ ពិសោធន៍ប្រកួតជាមួយយុវជនដទៃទៀត ដោយទទួលបានចំណាត់ល្អផងដែរ ។
កីឡាករវ័យក្មេងរូបនេះបានទទួលការបណ្តុះបណ្តាលជំនាញផ្នែកជិះម៉ូតូប្រណាំង ពីសំណាក់ លោក ឃួន ពិលុត ជាឪពុក ។
បច្ចុប្បន្ន ឃួន បណ្ឌិត កំពុងហ្វឹកហាត់លើ ជំនាញជិះមូ៉តូប្រណាំង២ប្រភេទគឺអុីនយូរ៉ូក្រោះ និងស៊ុបភើក្រោះ។ ឃួន បណ្ឌិត មានបំណងប្រាថ្នាមួយនៅពេលពេញវ័យរូបគេនឹងអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាកីឡាករ ប្រណាំងម៉ូតូដ៏ពូកែម្នាក់ប្រចាំនៅប្រទេសកម្ពុជានិងចង់ក្លាយខ្លួនជាកីឡាករប្រណាំងម៉ូតូជំនាញនៅលើឆាកអន្តរជាតិតំណាង ឲ្យកម្ពុជានិងបង្ហាញកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិឲ្យសាកលលោកស្គាល់កាន់តែច្បាស់ពីកីឡាករប្រណាំងម៉ូតូកម្ពុជា។
ជាមួយនឹងក្តីស្រមៃរបស់កូនប្រុសខ្លួន លោក ឃួន ពិលុត ក្នុងនាមកីឡាករប្រណាំង ម៉ូតូជើងចាស់និងជាគ្រូបង្វឹកហើយក៏ជា ឱពុករបស់កីឡាករ ឃួន បណ្ឌិត ផងនោះ បានមានប្រសាសន៍ថា មូលហេតុដែល លោកជំរុញឲ្យកូនហ្វឹកហាត់កីឡាម៉ូតូហោះនេះ គឺលោកទទួលស្គាល់ថា ពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់តែលោកជឿថា ទោះបីប្រភេទកីឡាណាក៏មានគ្រោះថ្នាក់ដូចគ្នាដែរ ពីព្រោះបច្ចុប្បន្នយើងបានខិតខំហ្វឹកហាត់ យើងខំបង្រៀនដោយការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងនាមជាឱពុកលោកបានសម្រេចចិត្តហើយត្រូវតែជំរុញកូនចូលប្រឡូកកាន់តែជ្រៅដើម្បីឲ្យក្លាយទៅជាកីឡាករជម្រើសជាតិនាថ្ងៃអនាគត ពីព្រោះ “ខ្ញុំស្រលាញ់កូនរបស់ខ្ញុំហើយរូបគេក៏ចូលចិត្តមិនអន់ជាងខ្ញុំប៉ុន្មានដែរ”។
លោក ឃួន ពិលុត បានបញ្ជាក់ថា កូន របស់ខ្ញុំ គឺឃួន បណ្ឌិត នឹងក្លាយជាកីឡាករប្រណាំងម៉ូតូហោះអាជីពនៅកម្ពុជាហើយលោកសង្ឃឹមថា នឹងមានក្រុមហ៊ុនផ្សេងៗដែលស្រលាញ់ប្រភេទកីឡាប្រណាំងម៉ូតូ ជួយឧបត្ថម្ភទំនុកបម្រុងកូនរបស់លោក ក្នុងការហ្វឹកហាត់ និងចេញទៅប្រកួតនៅ ក្រៅប្រទេស ។ កីឡាករ ឃួន បណ្ឌិត ចូល រួមប្រណាំងម៉ូតូជាច្រើនប្រភេទដូចជា Enduro Cross::2014 Class: D position: 3 year:2015 Class: D position: 3 year:2015 Class: D position: 2 Supercross: year:2015 Class: E position: 3 7NG: year:2016 Class: C position: 1 year:2016 Class: C position: 3 ៕
ដោយ៖ សារីម