ភ្នំពេញ៖ មាន សូនីតា នៅតែគ្រងតំណែងជាតារាសម្តែងស្រីលំដាប់ជួរមុខដដែលបើទោះបីជាស្នាដៃខ្សែភាពយន្តរបស់នាងហាក់មិនមានចំនួនច្រើនក៏ដោយ។ ក្រៅពីលេចមុខមាត់ខ្លាំងជាមួយនឹងការងារសិល្បៈ និងមនុស្សធម៌នោះតារាស្រីរូបនេះត្រូវបានគេទម្លាយថាជាតារាស្រីដែលសម្បូរដោយបុរសចោមស្នេហ៍ជាច្រើនបូករួមទាំងបុរសដែលគេស្គាល់ថាជាអ្នកសម្បូរដោយទ្រព្យធន។
មាន សូនីតាស្ថិតក្នុងចំណោមតារាស្រីដែលមានមន្តស្នេហ៍បំផុត ព្រោះតែនាងមិនមែនមានតែរូបសម្រស់ស្រស់សោភាពបែបធម្មជាតិប៉ុណ្ណោះទេគឺនាងក៏ជាតារាស្រីដែលមិនចោមរោមដោយដំណឹងអាស្រូវ។ ថ្មីៗនេះនាងបានបង្ហាញខ្លួនជាថ្មីជាមួយនឹងខ្សែភាពយន្តរបស់អ្នកស្រីពាន់ភួងបុប្ផាគឺរឿង”បណ្តឹងស្រីទាំង៥”ហើយនាងបានលេចមុខខ្លាំងជាមួយនឹងការងារបង្ហាញម៉ូតសំលៀកបំពាក់ និងការសម្តែងក្នុងខ្សែភាពយន្តអប់រំខ្លីៗ ដែលសូម្បីតែឈុតផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្រ្គាន្តសម្រាប់ឆ្នាំ២០១៧ក៏តារាស្រីរូបនេះទទួលបានផងដែរ។ ក្រៅពីរឿងការងារនាងក៏មានដំណឹងក្រៅឆាកដែរថា មានបុរសៗជាច្រើនចោមស្នេហ៍ ដែលភាគច្រើនជាបុរសទ្រព្យស្តុកស្តម្ភ និងក្នុងត្រកូលអភិជន។
អ្នកសិល្បៈម្នាក់ដែលជិតដិតនឹងនាងព្រលយថាកន្លងមកតារាស្រីរូបនេះធ្លាប់លេចធ្លាយទំនាក់ទំនងជិតដិតជាមួយនឹងបុរសជាថៅកែហាងកាហ្វេល្បីឈ្មោះម្នាក់នៅជិតផ្សារធំថ្មី។ ក្រៅពីនេះនាងក៏ទទួលបានការចាប់អារម្មណ៍ពីបុរសមានទ្រព្យម្នាក់ផ្សេងទៀតដែលគេស្គាល់ថាជាថៅកែលក់មាសពេជ្រនៅផ្សារធំថ្មីផងដែរ។ ប្រភពបន្តថា ក្រោយពីបង្ហាញសកម្មភាពមនុស្សធម៌ និងការបង្ហាញវត្តមានក្នុងឈុតខ្លីនៃការផ្សព្វផ្សាយព្រឹត្តិការណ៍អង្គសង្ក្រាន្តឆ្នាំ២០១៦នេះ មាន សូនីតាកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រុមបុរសៗដែលកើតក្នុងត្រកូលអភិជន ដែលមានឪពុកម្តាយជាមន្ត្រីជាន់ខ្ពស់ផងដែរ ប៉ុន្តែតារាស្រីរូបនេះហាក់នៅមិនទាន់បង្ហាញជំហរណាមួយក្នុងការបើកភ្លើងខៀវទទួលយកស្នេហានេះទេ។
តារាសម្តែងសម្តីថ្នម មានសូនីតា បានទទួលស្គាល់ថា នាងពិតជាមានបុរសមួយចំនួនចោមស្នេហ៍មែន។ នាងបញ្ជាក់ថា ក្នុងនាមជាសិល្បករហើយរូបសម្រស់ប៉ុណ្ណឹងដែរ បើប្រាប់ថាគ្មានអ្នកស្រលាញ់គឺគេមិនជឿឡើយ ប៉ុន្តែសំខាន់គឺចិត្តនាងនៅមិនទាន់ហ៊ានទទួលយកស្នេហានៅឡើយ។ នាងបញ្ជាក់ថាការងាររបស់នាងរវល់ច្រើនស្ទើរតែគ្មានពេលក្នុងការគិតរឿងស្នេហាច្រើននៅឡើយ។ ក្រៅពីមិនព្រមបើកភ្លើងខៀវទទួលយកបុរសណា នាងក៏បដិសេធចំពោះទំនាក់ទំនងស្នេហាណាមួយជាមួយបុរសដែលជាថៅកែហាងល្បីឈ្មោះនៅផ្សារធំថ្មី ដែលនាងចាត់ទុកថាជាការប្រឌិតរបស់មនុស្សមួយចំនួនដើម្បីបង្ខូចកិត្តិយសនាងតែប៉ុណ្ណោះ។ នាងបន្តថា មិនមានពេលច្រើនទៅបកស្រាយបញ្ហាដែលគេនិយាយនោះទេព្រោះតែនាងយល់ថា ការចូលប្រឡូកក្នុងសិល្បៈគឺជៀសមិនផុតពីបញ្ហារឿងរ៉ាវទាំងនេះដែរ។ នាងថាអាចនឹងត្រូវចំណាយពេលយ៉ាងតិចណាស់ក៏៣ទៅ៤ឆ្នាំទៀតដែរទើបនាងសម្រេចចិត្តទទួលយកស្នេហា។
នាងថាបុរសខ្លះបានត្រឹមតែលេងសើចលេបខាយប៉ុណ្ណោះ ជាហេតុធ្វើឲ្យនាងកាន់តែមិនទុកចិត្ត៕
ដោយ៖ វឌ្ឍនា