ខេត្តរតនគិរីី៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តលើកំណាត់ផ្លូវជាតិលេខ៧៨ក្នុងស្រុកកូនមុំ។
ករណីគ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងនៅវេលាម៉ោង១៥និង០០នាទីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចមុខផ្ទះឃ្លីមខនលើ ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
តាមប្រភពពីសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវជនដែលស្លាប់នោះមានឈ្មោះកា ញ៉ូង
ភេទប្រុសឣាយុ១៧ឆ្នាំ ជនជាតិគ្រិង រស់នៅភូមិតាកាប់ ឃុំតាឣង ស្រុកកូនមុំ ខេត្តរតនគិរី ជិះម៉ូតូម៉ាកស៉ីរ៉ូសគ្មានស្លាកលេខពណ៍សលាយខ្មៅ ដោយជិះម៉ូតូមិនមានការប្រុងប្រយ័ត្នហើយក៍គ្មានពាក់មួកសុវត្ថិភាពផងដែរក្នុងទិសដៅពីកើតទៅលិចហើយឈប់ចាក់សាំងរួចក៏ត្រឡប់បកក្រោយស្របពេលរថយន្តមកដល់ក៍បុកចំពេញទំហឹងផ្នែកក្បាលរថយន្តខាងស្តាំបណ្តាលឲ្យម៉ូតូនឹងមនុស្សផ្លោងធ្លាក់ផ្លូវម្ខាងស្លាប់ភ្លាមៗមួយរំពេច។
ប្រភពបន្តទៀតថា រថយន្តម៉ាកសាំយ៉ុងពណ៍សំបកឪឡឹកលាយសពាក់ស្លាកលេខភ្នំពេញ២AC០១៤៩រថយន្តនោះបើកបរក្នុងផ្លូវអាទិភាពហើយក្នុងទិសដៅពីលិចទៅកើតបើតាមរយះនាមប័ណ្ណ បានបញ្ជាក់ថាឣ្នកបើកបរឈ្មោះសីុណា ជារថយន្តតាក់ស៉ីចេញពីខេត្តត្បូងឃ្មុំឆ្ពោះមកខេត្តរតនគិរី។ ក្រោយពីកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ចំណែករថយន្ត នឹងម៉ូតូត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឃុំតាអងអូសយកមករក្សាទុកនៅកន្លែងរងចាំការដោះស្រាយជាក្រោយ។
រីឯសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ វុទ្ធឦសាន