ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បានជិះម៉ូតូប្រញាប់ឆ្លងភ្លើងស្តុប បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលជិះនៅពីមុខ បណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនមានអ្នករងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង២១និង៥០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចស្តុប ធនាគារកាណាឌីយ៉ា តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា មុនដំបូងគឺមានបុរសម្នាក់ជិះម៉ូតូម៉ាកហង់ដាគុបជ្រុង ពណ៌ទឹកប៊ិុច ពាក់ស្លាកលេខ1BD.5392 តាមបណ្ដោយផ្លូវសហព័ន្ឋរុស្ស៊ីទិសដៅពីលិចមកកើត ខណៈមកដល់កន្លែងកើតហេតុ ក៏បានជិះឆ្លងផ្លូវព្រះមុនីវង្សទៅផ្លូវក្រមួនស តែឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ត្រូវបុរសម្នាក់ទៀតស្រវឹងស្រាជិះម៉ូតូបង្កម៉ាកហង់ដាឌ្រីម សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាក កំពត 1G.3828 ទិសដៅស្របគ្នាក្នុងល្បឿនលឿនល្មម បានជ្រុលមកបុកម៉ូតូគុបជ្រុង ពីក្រោយពេញទំហឹងបណ្ដាលឲ្យខាងម៉ូតូរងគ្រោះរងការខូចខាត និងរបួសស្រាល ចំណែកខាងម៉ូតូបង្ក ការខូចខាតបន្តិចបន្តួច និងរងរបួសស្រាលដូចគ្នា ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នាអស់រយះពេលយ៉ាងយូរ បន្ទាប់មកដោយភាគីខាងម៉ូតូបង្កម៉ាកហង់ដាឌ្រីមនោះ ដោយគិតខ្លួនឯងឃើញខុស និងឆ្លៀតពេលម្ចាស់ម៉ូតូរងគ្រោះកំពុងតែនិយាយទូរស័ព្ឋផងនោះ ក៏បានដើរទៅលើកម៉ូតូរបស់ខ្លួនជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។
ដោយឡែកម៉ូតូរងគ្រោះនោះវិញ ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យម្ចាស់យកទៅជួសជុលដោយខ្លួនឯងវិញផងដែរ ៕
ដោយ៖ ព្រែកជ័យ