ដើម្បីអូសទាញអង្វរអតីតមិត្តប្រុស នាង Kelly Murphy អាយុ២៨ឆ្នាំ មកពីទីក្រុងAlberta ប្រទេសកាណាដា បានទូរស័ព្ទរហូតដល់ទៅ២៧.០០០លើក ក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ដោយសង្ឃឹមថា នឹងអូសទាញមិត្តប្រុសមកជួបជុំគ្នាវិញ ។
នៅពេលនេះ គេមិនទាន់ដឹងថា បុរសដែលជាសង្សារចាស់ ឈ្មោះ Randy Williams បានការរន្ធត់ចិត្តដែរឬទេ ចំពោះអតីតមិត្តស្រីរបស់ខ្លួន ។ ក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ អតីតមិត្តប្រុសមានការមមាញឹកយ៉ាងខ្លាំង ដែលត្រូវទទួលទូរស័ព្ទរហូតដល់ទៅ២៧.៦៣៩លើក , ៩៣៧អីម៉ែល, ផ្ញើសារតាមទូរស័ព្ទ ១១.២២៩, ផ្ញើបទចម្រៀង ១១៧បទ និងលិខិតសសេរដោយដៃ៤៧សន្លឹកទៀត។
លោក Randy Williams និងKelly Merphy ទើបតែបានស្រឡាញ់គ្នាបានពីរសប្តាហ៍តែប៉ុណ្ណោះ ។ ប៉ុន្តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ នាង Kelly Merphyមានអារម្មណ៍ថា ខ្លួនបានរកឃើញស្នេហាពិតប្រាកដរបស់ខ្លួន នៅទីបំផុត ក្តីសុបិន្តក៏ត្រូវរលាយ ពេលដែលមិត្តប្រុសសុំបែកផ្លូវគ្នាក្រោយពីរសប្តាហ៍ស្និទ្ធស្នាល ។
ដោយសារតែស្រឡាញ់ខ្លាំងពេក (ងប់ងល់) នាង Kelly Merphy បានព្យាយាមអូសទាញមិត្តប្រុសរបស់ខ្លួនមកវិញ ។ នាងខិតខំ២៤លើ២៤ម៉ោងក្នុងមួយថ្ងៃរយៈពេល៧ថ្ងៃជាប់គ្នា ជាមួយនឹងទូរស័ព្ទដល់ទៅ៨គ្រឿង តែទៅកាន់មិត្តប្រុស ។ មិនត្រឹមតែប៉ុណ្ណោះ នាង Kelly Merphy ត្រូវផឹកថ្នាក់ជំនួយកម្លាំង ស្មារតី ទើបអាច ទូរស័ព្ទទៅកាន់មិត្តប្រុស មិនដេក ៧យប់៧ថ្ងៃ ។
ការខិតខំរបស់នាង ទីបំផុតមិនអាចទាកទាញមិត្តប្រុសរបស់ខ្លួនឲ្យមកជួបជុំគ្នានោះឡើយ បែរជា ត្រូវអតីតមិត្តប្រុសនោះប្តឹងប៉ូលិសសុំជំនួយ ពីសកម្មភាពមិនអាចទទួលយកបានរបស់អតីតមិត្តស្រីដែលស្គាល់គ្នាបានតែពីរសប្តាហ៍ប៉ុណ្ណោះ។
នៅទីបំផុត ប៉ូលិសក៏បានចាប់ខ្លួន នាង Kelly Merphy ។ មេធាវីអតីតសង្សារ របស់ នាង Kelly Merphy បានឲ្យដឹងថា កូនក្តីរបស់គាត់មិនអាចធ្វើអ្វីបានឡើយក្នុងរយៈពេលនេះ ដូច្នេះច្បាប់នឹងជួយឲ្យនាងឃ្លាតឆ្ងាយពីគាត់ ដើម្បីឲ្យមានជីវិតរស់នៅបានសុខ ៕
ប្រែសម្រួល៖ ម៉ែវ សាធី