ខេត្តកែប៖ យ៉ាងហោចបុរសម្នាក់បានស្លាប់នៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់គ្រាដែលជិះម៉ូតូលឿនឌុបគ្នាទៅបុកខឿនថ្នល់។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ មុខមន្ទីរពន្ធដាខេត្តកែប ហើយអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនសង្គ្រោះភ្លាមៗផងដែរ។
បើតាមនគរបាលមូលដ្ឋានឲ្យដឹងថា ជនរងគ្រោះដែលបាត់បងជីវិតមានឈ្មោះ អ៊ុល វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិស្វាយអណ្តូង ឃុំកោះស្តៅ ស្រុកពាមជ័រ ខេត្តព្រៃវែង និងអ្នករបួសធ្ងន់មានឈ្មោះឌឹម ចក់ អាយុ៣៤ឆ្នាំ មានទីលំនៅភូមិក្តាពុក ឃុំសេនាឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង និងឈ្មោះសឿន ថេន អាយុ២៤ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំនគររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ជនរងគ្រោះបានធ្វើដំណើររួមគ្នាតាមម៉ូតូមួយគ្រឿងម៉ាកសង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DG-6495។
បើតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំង៣នាក់ជិះម៉ូតូក្នុងល្បឿនលឿនគួរសមតែពុំដឹងយ៉ាងដូចម្តេចទៅបុកខឿនផ្លូវនៅមុខមន្ទីរពន្ធដាខេត្តកែបបណ្តាលឲ្យស្លាប់របួសរដូករណែលតែម្តង។
ក្រោយពីកើតហេតុអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះ ឯជនរងគ្រោះបាត់បង់ជីវិតសមត្ថកិច្ចទំនាក់ទំនងប្រគល់ឲ្យក្រុមគ្រួសារ និងម៉ូតូជនរងគ្រោះសមត្ថកិច្ចរក្សាទុកប្រគល់ឲ្យជនរងគ្រោះដែលរងរបួសក្រោយពីព្យាបាលរបួស៕
ដោយ៖ សហការី