ខេត្តក្រចេះ៖ មនុស្ស២នាក់បានស្លាប់ និង២ទៀតរងរបួសធ្ងន់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលង្កឡើងដោយរថយន្តកូរេធុនធំមានផ្ទុកឈើអារលេខពីរជាច្រើន បានបុកគោយន្តកន្ត្រៃពីក្រោយកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
នគរបាលចរាចរណ៍ស្រុកសំបូរបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះទី១-ឈ្មោះ គង់ សុភី ប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិច្រូង ឃុំសើយ ស្រុកបរកែវ ខេត្តរតនគិរី ជាអ្នករួមដំណើរជាមួយរថយន្តបង្កបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្រ ទី២-ឈ្មោះ យាប សុខ ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅរលួស ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ ជាអ្នករួមដំណើរជាមួយគោយន្តកន្ត្រៃ ស្លាប់នៅនិងកន្លែងកើតហេតុ ។
លោក ហន ប៉ូច ស្នងការរងទទួលបន្ទុកចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1331 បើកបរដោយឈ្មោះ មឿន សាម៉េត ភេទប្រុស អាយុ២៦ របួសស្រាល រស់នៅភូមិពានា ឃុំក្តឿងរាយ ស្រុកកញ្ចៀក ខេត្តព្រៃវែង បានបុកគោយន្តកន្ត្រៃសណ្តោងរម៉កពីក្រោយពេញទំហឹងតែម្តង ។
លោកបន្តថា ចំណែកអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ យ៉ន ពៅ អាយុ២១ឆ្នាំ របួសធ្ងន់ រស់នៅភូមិរលួស ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ ហើយត្រូវបាននគរបាលនាំមកសង្គ្រោះនៅមន្ទីរពេទ្របង្អែកខេត្ត ។
បច្ចុប្បន្នរថយន្តបង្ករួមនិងគោយន្តកន្ត្រៃត្រូវបាននគរបាលចរាចរណ៍ស្រុកសំបូរនាំមករក្សាទុកបណ្តោះអាសន្នរងចាំការដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ កោះទ្រុង