ខេត្តកំពង់ឆ្នាំង ៖ ក្រុមចោរប្លន់២នាក់ប្រដាប់ដោយកាំភ្លើងខ្លី បានជិះម៉ូតូធុនធំ១គ្រឿងដេញប្រម៉ាញ់បាញ់គំរាមប្លន់កម្មការនី ដែលកំពុងជិះម៉ូតូ២គ្រឿងមានគ្នា៥នាក់ តែយកម៉ូតូមិនបានសម្រេច ក៍ចុះដោះយកគ្រឿងអលង្គការ របស់ជនរងគ្រោះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅតាមផ្លូវលំក្រាលគ្រួសក្រហម ខាងក្រោយវត្តអង្គរសេរី ភូមិស្នងមុំ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង់។
លោក ម៉ាត់ លី អធិការនគរបាលស្រុកកំពង់ត្រឡាចឲ្យដឹងថា ជនរងគ្រោះដែលត្រូវចោរប្លន់បាញ់ត្រូវនេះមានឈ្មោះ ផាន សុផាវ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ រងរបួសត្រូវគ្រាប់ចំប្រអប់ជើងខាងស្តាំ ។ ម៉ូតូដែលជនរងគ្រោះជិះនោះម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង1C-3178 ។
លោកអធិការឲ្យដឹងទៀតថា តាមការសាកសួរក្រុមគ្រួសារជនរងគ្រោះ ដែលធ្វើដំណើរជាមួយគ្នាបានរៀបរាប់ថា នៅមុនពេលកើតហេតុសាច់ញាតិមានគ្នាចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងធ្វើដំណើរចេញពីផ្ទះជូនម្តាយមីងមកផ្ទះជួលកន្លែងរោងចក្រនៅម្តុំស្ពានពោធ៌ ក្នុងភូមិសាស្រ្ត ស្រុកសាមគ្គីមានជ័យ ។ ប៉ុន្តែនៅពេលនាំគ្នាជិះម៉ូតូចេញពីផ្ទះបានចំងាយប្រមាណជាង៣គីឡូ ក៏ស្រាប់តែមានមនុស្សប្រុសចំនួន២នាក់ ជិះម៉ូតូធំ ពាក់មួកសុវត្ថិភាព បានបើកប្រដេញនិងម៉ូតូជនរងគ្រោះដែលជិះគ្នា៣នាក់ ហើយបានដកកាំភ្លើងខ្លីភ្ជង់គំរាមឲ្យឈប់ចុះប្រគល់ម៉ូតូ តែពេលនោះជនរងគ្រោះអត់ឈប់ ហើយជនសង្ស័យក៏បានបាញ់គំរាមបណ្តាលឲ្យត្រូវប្រអប់ជើងខាងស្តាំរងរបួស ចំណែកជនសង្ស័យបានចុះពីលើម៉ូតូដោះយកខ្សែដៃរួចគេចខ្លួនបាត់តែម្តង ។ ដោយឡែកជនរងគ្រោះបានត្រូវបានសាច់ញាតិ ដឹកយកមកសង្រ្គោះនៅគ្លីនិកឯកជនក្នុងស្រុកកំពង់ត្រឡាច ។
លោកអធិការបន្តទៀតដឹងថា នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាជនសង្ស័យ យកមកផ្តន្ទាទោស ៕
ដោយ៖ ចន្ថា