ខេត្តព្រះសីហនុ ៖ យុវជនម្នាក់បានរងរបួសត្រូវចំក្បាល៣កាំបិត បណ្ដាលឲ្យដួលសន្លប់នៅនឹងកន្លែងកើតហេតុ ដោយសារករណីដេញកាប់គ្នារវាងក្មេងស្ទាវ២ក្រុមកាលពីវេលាម៉ោង១០ និង២៥នាទី យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចស្ដុបហ្ការ៉ាស់សាំងតូតាល់ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។
យុវជនដែលរងរបួសនោះត្រូវបានគេស្គាល់ថា ឈ្មោះគី ភារិទ្ធ អាយុ២៨ឆ្នាំ ជាអ្នករត់ម៉ូតឌុប រស់នៅក្នុងក្រុម១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូក្មេងស្ទាវ២គ្រឿង មួយគ្រឿងជិះគ្នា២នាក់ និងមួយគ្រឿងជិះគ្នា៣នាក់បានមកឈប់នៅចំណុចកើតហេតុ។
បន្ទាប់មកគេមិនដឹងថាមានរឿងអីនោះទេ ស្រាប់ឃើញពួកគេឈប់ម៉ូតូ ហើយយកកាំបិតមកដេញកាប់គ្នា ដែលក្រុមដែលមានគ្នា៣នាក់បានដេញកាប់ក្រុមដែលមានគ្នា២នាក់ បណ្ដាលឲ្យយុវជនម្នាក់ត្រូវ៣កាំបិតរងរបួសធ្ងន់ ដួលសន្លប់នៅនឹងកន្លែងកើតហេតុ។
ក្រោយពីឃើញមានមនុស្សរងរបួសដូចនេះ ក៏មានការផ្អើលឆោឡោ ទើបជនបង្កបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ មកទទួលយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជននៅក្រុងព្រះសីហនុ និងបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីរកមុខជនដៃដល់ មកដាក់ទោសតាមច្បាប់ ៕ ឆ្លាមសមុទ្រ