ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវកម្លាំង នគរបាលខណ្ឌទួលគោកឃាត់ខ្លួន យកមកប្រគល់ឲ្យ នគរបាលខណ្ឌដូនពេញ ពីបទលួចម៉ូតូ ដែរប្រព្រឹត្តិឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ នៅវេលាម៉ោង៥ទៀបភ្លឺ ត្រង់ចំណុចច្រកចូលឌឿងហែម ក្រោយផ្ទះលេខ៧៨អឺ0 ផ្លូវលេខ១២៦ ភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នៅខណ្ឌទួលគោក រួចបញ្ចូនទៅឲ្យនគរបាលប៉ុស្តិ៍ផ្សារថ្មីទី២វិញ ។
មន្ត្រីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះជួន ពិសិដ្ឋ ភេទប្រុស អាយុ២៥ ស្នាក់នៅភូមិសំណុងជើងភ្នំ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះ ហួរ បូរ៉ា ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅមិនពិប្រាកដ ។
ចំណែកឯជនរងគ្រោះ ឈ្មោះ ចៅ ឡេង ភេទប្រុស អាយុ៦៧ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ដែលបានស្លាប់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ។
មន្ត្រីដដែរ បានបន្តទៀតថា កាលពីថ្ងៃ២៧ ខែឧសភា ឆ្នាំ២០១៥ នៅវេលាម៉ោង៣ទៀបភ្លឺ ជនរងគ្រោះបានទុកម៉ូតូ១គ្រឿង ម៉ាក់ហុងដាសេ១២៥ ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ ១O-១២៩០ នៅចំណុចច្រកចូលឌឿងហែម ក្រោយផ្ទះលេខ ៧៨អឺ0 ផ្លូវលេខ១២៦ ភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ លុះដល់ វេលាម៉ោង៥ទៀបភ្លឺ ស្រាប់តែម៉ូតូត្រូវចោរលួចបាត់តែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅនគរបាលមូលដ្ឋាន រហូតមកដល់ថ្ងៃទី២៨ ខែមិថុនា រំលងបានរយៈពេលមួយខែ ជនរងគ្រោះក៏បានទទួលមរណៈភាពទៅ ។លុះនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០១៥ នគរបាលខណ្ឌទួលគោកឃាត់ខ្លួនបាន រួចយកមកប្រគល់ឲ្យ នគរបាលខណ្ឌដូនពេញចាត់ការតាមច្បាប់ ។
បច្ចុប្បន្នជនសង្ស័យ២នាក់នេះ រួមនិងវត្ថុតាងដែរដកហូតបានមានម៉ូតូហុងដា សេ១២៥ ពណ៍ក្រហម គ្មានស្លាកលេខ ទូរស័ព្ទដៃ២គ្រឿង នាឡិការដៃ កូនកាបូប ១ លុយសែនក្រដាស១០ចំនួន៣សន្លឹក ៕ ស ដារ៉ា