ភ្នំពេញ ៖ ជនសង្ស័យចែកចាយនិងប្រើ ប្រាស់គ្រឿងញៀនចំនួន២៣នាក់ ក្នុងនោះមានស្រី២នាក់ត្រូវបានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ នាំមកបង្ហាញមុខជាសាធារណជាមួយ ថ្នាំញៀន៦៧កញ្ចប់តូច និងកាំភ្លើងខ្លីកា៥៩មួយ ដើម មុននឹងបញ្ជូនទៅសាលាដំបូងរាជាធានីនៅថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៥ បន្ទាប់ពីបានបង្រ្កាបជាបន្តបន្ទាប់ ។
លោកវរសេនីយ៍ឯក ប៊ន សំអាត ស្នងរងនគរបាលរាជធានីភ្នំពេញទទួលផែនគ្រឿងញៀន បានឲ្យដឹងថា កន្លងមកដោយមានការសហការពីប្រជាពលរដ្ឋល្អ និងមានការចូលរួមពីអាជ្ញាធរដែនដីផងនោះ ទើបកម្លាំងរបស់លោកឈានទៅដល់ឃាត់ខ្លួនជនសង្ស័យចែក ចាយគ្រឿងញៀនទូទាំងខណ្ឌទាំង១២ខណ្ឌនៅក្នុងរាជធានីភ្នំពេញ បានចំនួន២៣នាក់ និងបាន ដកហូតបានថ្នាំញៀនចំនួន៦៧កញ្ចប់ កាំភ្លើងខ្លី ម៉ាកកា៥៩ មួយដើម និងឧបករណ៍ជក់មួយចំនួនទៀត ។
ជនសង្ស័យទាំង២៣នាក់នេះ គឺ ជាមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាប្រព្រឹត្តបទល្មើសនៅក្នុងសង្គមនាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន ដែលសមត្ថកិច្ចបង្រ្កាបមិនឈ្នះ។ ដូច្នេះ ជនសង្ស័យនិង វត្ថុតាងទាំងនេះកម្លាំងរបស់លោកត្រូវតែបង្រ្កាបនិង កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះដើម្បីចាត់ការតាមច្បាប់ ខណៈដែលលោកបន្តការបង្រ្កាបជាបន្តទៀតនោះ ៕ ប្រាថ្នា