ព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលស្នាក់នៅក្នុងផ្ទះជួល និងបន្ទប់ជួល ក្នុងភូមិសំបួរ និងភូមិម័ល សង្កាត់ដង្កោ ប្រមាណ៣៥០នាក់ អំពីការងារតបណ្តាញអគ្គិសនីដែលមានតម្លៃទាប គឺត្រឹម ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដោយមានការចូលរួមពី លោក ស្រី រណៈមិត្ត អនុប្រធានសាខាអគ្គិសនីកម្ពុជា អូបែកក្អម និងលោកអធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ព្រមទាំងមន្ត្រីរាជការ សាលាខណ្ឌ និងសាលាសង្កាត់ដង្កោ។
លោក អភិបាលខណ្ឌ បានលើកឡើងអំពីការយកចិត្តទុកដាក់ក្នុងការអនុវត្តនូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការយកចិត្តទុកដាក់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូន កម្មករ កម្មការិនី តាមបណ្តារោងចក្រ សហគ្រាសនានា ដោយបានតម្លើងប្រាក់ឈ្នួលប្រចាំខែជូនបងប្អូន ចាប់ពីខែមករា ឆ្នាំ២០១៥មក ហើយបច្ចុប្បន្នបានតភ្ជាប់បណ្តាញអគ្គិសនីដែលមានតម្លៃ ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ជូនបងប្អូនដើម្បីកាត់បន្ថយការចំណាយ និងសន្សំសំចៃប្រាក់កាសរបស់បងប្អូន ដែលស្នាក់នៅក្នុងបន្ទប់ជួល ហើយនាពេលខាងមុខទៀត នឹងមានគម្រោងដើម្បីបញ្ចុះថ្លៃទឹកស្អាតជូនបងប្អូនថែមទៀតផង។ អនុវត្តតាមអនុសាសន៍នេះ សាលារាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដឹកនាំ ចង្អុលបង្ហាញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ សហការជាមួយអគ្គិសនីកម្ពុជា ក្នុងការតភ្ជាប់បណ្តាញអគ្គិសនីឲ្យបានឆាប់រហ័សជូនបងប្អូនដើម្បីប្រើប្រាស់បានក្នុងតម្លៃថោក។
ជាមួយគ្នា លោកអភិបាលខណ្ឌបន្តលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅតាមផ្ទះជួល បន្ទប់ជួលទាំងអស់រាយការណ៍ដល់សមត្ថកិច្ច មានអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ អំពីបញ្ហា ការលំបាក និងកង្វល់នានារបស់បងប្អូន ដើម្បីចាត់វិធានការ ដោះស្រាយជូនបានទាន់ពេលវេលា។
បងប្អូនកម្មករ កម្មការិនី ដែលកំពុងស្នាក់នៅក្នុងបន្ទប់ជួលបានធ្វើការអបអរសាទរចំពោះវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់តម្លៃអគ្គិសនីត្រឹម៦១០រៀល និងកោតសរសើរចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ និងភូមិ ដែលជានិច្ចកាលតែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ការលំបាក និងសុខទុក្ខនានារបស់ពួកគាត់ ជាពិសេសអំពីបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។