ភ្នំពេញៈ អគារថ្មីពីរខ្នង មួយខ្នងជាអគារធនធានមនុស្សនិងមួយខ្នងទៀតជាអគារសម្រាប់សិក្សា ដែលជាជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិនជួយក្នុងវិស័យអប់រំ នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ត្រូវបានស្ថាបនារួចរាល់ជាស្ថាបពរនៅក្នុងវិទ្យាល័យហ៊ុនសែន ព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ អមដំណើរដោយលោកហ៊ត គឹមនី អភិបាលរងខណ្ឌ , លោក ស្រេង គឹមស្រ៊ន នាយករដ្ឋបាលសាលាខណ្ឌ បានចុះពនិត្យអគារថ្មីទាំង២ខ្នង ដែលទើបសាងសង់រួចរាល់ជាស្ថាបពរ នៅសល់តែកិច្ចការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅបរិវេណវិទ្យាល័យតែប៉ុណ្ណោះ ។
ក្នុងការចុះពិនិត្យអគារសិក្សាថ្មីទាំង ២ខ្នងនេះដែរ លោកអភិបាលខណ្ឌ បាន ណែនាំបន្ថែមដល់គណៈគ្រប់គ្រងវិទ្យាល័យនិង គណៈកម្មការទ្រទ្រង់សាលា សូមចូលរួមសហការ គ្នាដើម្បី រៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបរិវេណវិទ្យាល័យ ឲ្យមានសោភ័ណភាព បរិស្ថានអនាម័យល្អ ដូចជា ដាំដើមឈើ រៀបចំធ្វើសួនច្បារ នឹងរៀបចំ ក្រាលការ៉ូឡានៅទីកន្លែងណា ដែលអាចធ្វើទៅបាន ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌក៏បានផ្ដាំផ្ញើ ឲ្យគណៈគ្រប់គ្រងវិទ្យាល័យក៏ដូចជាគណៈកម្មការទ្រទ្រង់សាលាធ្វើយ៉ាងណារួមគ្នាថែរក្សា សមិទ្ធិផល និងឧបករណ៍ សម្ភារៈដែល បំពាក់នៅក្នុង អគារសិក្សាដូចជា កុំព្យូទ័រ សម្ភារៈនៅក្នុងបន្ទប់ពិសោធន៍និងសម្ភារៈ សិក្សាផ្សេងៗ ទៀតអោយបានគង់វង្ស ៕ ដោយ៖សណ្តោស