ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអោយដឹងនៅព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០២២ពាក់ពន្ធ័ករណីខាងលើនេះ
លោកនឹងចាត់កម្លាំងចុះពិនិត្យទីតាំងវៀតណាមបូមខ្សាច់នេះ មើលអាជ្ញាបណ្ណ័ និងណែនាំឲ្យក្រុមហ៊ុនអនុវត្តតាមច្បាប់អនុញ្ញាត ប្រសិនបើ មិនអនុវត្តតាមទេ លោកនឹងសុំឲ្យក្រសួងរ៉ែនិងឋាមពលដកហូតអាជ្ញាបណ្ណ័បញ្ឈប់សកម្មភាពតែម្តង។
គួរំលឹកថា ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំចំនួន៤ ស្ថិតក្នុងស្រុករមាសហែក មានការត្អូញត្អែរ ដោយសារមានក្រុមឈ្មួញជនជាតិវៀតណាមបានយកសាឡង់មកបូមខ្សាច់លក់ បង្កឲ្យបាក់ដីកសិកម្ម និងដីលលំនៅដ្ឋានរបស់ពួកគាត់ ដែលរស់នៅតាមបណ្តោយទន្លេទឹកវិលស្ថិត ក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ។
លោក កែវ សៀត អនុភូមិតាខុប ឃុំកំពង់ត្រាច តំណាងឲ្យប្រជាពលរដ្ឋរងគ្រោះឃុំកំពង់តាចបានឲ្យដឹងថា ករណីជនជាតិវៀតណាមបានយកសាឡង់មកចូលបូមខ្សាច់នេះ កើតឡើងរយៈពេល១ឆ្នាំហើយនិងបង្កឲ្យបាក់ដីរបស់ប្រជាពលរដ្ឋ៦ខែមកហើយ គិតមកដល់ត្រឹមថ្ងៃទី៧ធ្នូ ២០២២ នេះ ។
លោកអនុភូមិបន្តទៀតថា ការបូមខ្សាច់នេះ បង្កឲ្យបាក់ច្រាំងទន្លេធ្វើឲ្យប៉ះពាល់ដីប្រជាពលរដ្ឋជាច្រើនភូមិ ដែលរស់នៅតាមបណ្តោយទន្លេទាំងសងខាងទន្លេ ចាប់ពីគល់ស្ពានទឹកវឹលរហូតដល់ព្រំដែនទឹកបាត់ត្រាស់ឃុំដូង មានចំនួន០៤ឃុំ គឺឃុំកំពង់ត្រាច ឃុំអំពឹល ឃុំគគីរ និងឃុំដូង ។ ហើយប៉ះពាល់ខ្លាំងមាន០៣ភូមិ គឺភូមិតាខុប ឃុំកំពង់ត្រាច- ភូមិត្បែង ឃុំអំពឹល និងភូមិត្រពាំងស្គន់ ឃុំគគីរ ។
បើតាមតំណាងប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិកាសាធារណៈនៅសាលាស្រុករមាសហែកដែលរៀបចំដោយក្រុមប្រឹក្សាខេត្តបានឲ្យដឹងថា ជនជាតិវៀតណាមយកសាឡង់ចូលមកបូមខ្សាច់នេះ ចាប់តាំងពីឆ្នាំ២០០៩មក ក៏ប៉ុន្តែបានធ្វើឲ្យបាក់ច្រាំងទន្លេប៉ះពាល់ដល់ដីកសិកម្មរបស់ប្រជាពលរដ្ឋខ្លាំងគឺនៅឆ្នាំ២០២២នេះ ដោយលើកឡើងថា ជនជាតិវៀតណាមមានសំណាងជាងប្រជាជនខ្មែរយើង ដោយគេដើរបូមខ្សាច់យកទៅលក់ក្នុងស្រុក និងដឹកតាមសាឡង់ឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងរលូន នៅពេលដែលប្រជាពលរដ្ឋតវ៉ាគេប្រាប់ថា ក្រុមហ៊ុនគេមានអាជ្ញាប័ណ្ណ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានឧកញ៉ា ធីរិទ្ធីសី បានបង្កើតក្រុមហ៊ុនមួយឈ្មោះ(ក្រុមហ៊ុនរាសី) បានទទួលសិទ្ធិពីក្រសួងរ៉ែ និងថាមពល បូមខ្សាច់ផ្គត់ផ្គង់លក់ក្នុងស្រុក ដោយអាជ្ញាប័ណ្ណអនុញ្ញាតឲ្យបូមយកខ្សាច់ពីកណ្តាលទន្លេទំហំ០៦ម៉ែត្រ ។
ចំពោះករណីនេះ នគរវត្តមិនអាចសុំការបំភ្លឺពីក្រុមហ៊ុនរាសី បានទេព្រោះមិនមានលេខទូរសព្ទ័ទំនាក់ទំនង។
ចំណែកលោកប៉ុកតក់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀងនគរវត្តបានទូរសព្ទ័ចូលជាច្រើនដងប៉ុន្តែមិនមានអ្នកលើកទាល់តែសោះ៕ដោយ៖យឹម សុថាន