ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបាន ផ្សាយអត្ថបទវិភាគនយោបាយដោយបានលើកតម្កើងដល់បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំ ដោយចាត់ទុកថា លោក ត្រាំ មានគោល នយោបាយឆ្លាតវៃ និងមានទស្សនវិស័យសម្លឹងមើលវែងឆ្ងាយ។
នៅក្នុងបទវិភាគផ្សាយលើកាសែត DPRK Today ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ខាងជើងបានស្ងើចសរសើរអស់ពីចិត្តទៅ លើលោកដូណាល់ ត្រាំ។ អត្ថបទបាន បញ្ជាក់ថា លោក ត្រាំ មានការសម្លឹងមើល វែងឆ្ងាយអាចជួយដល់ប្រទេសកូរ៉េខាង ជើងទទួលបានផលប្រយោជន៍ក្នុងថ្ងៃអនា គត។
នៅក្នុងអត្ថបទនោះបានបញ្ជាក់ថា មេ ដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាន ស្វាគមន៍កិច្ចចរចាជាមួយអាមេរិក ហើយ បញ្ជាក់ថា ប្រសិនបើលោក ត្រាំ ជាប់ជា ប្រធានានាធិបតីនោះ លោកអាចនឹងអនុវត្ត គោលនយោបាយ Yankee Go Home (អាមេរិកដកខ្លួនទៅប្រទេសវិញ) គឺមានបំណងដកទាហានចេញពីកូរ៉េខាងត្បូង។
ម្ចាស់អត្ថបទលោក Han yong Mook សសេរថា លោក ត្រាំ នឹងមិនចូលរួមនៅ ក្នុងសង្គ្រាមឧបទ្វីបកូរ៉េនោះឡើយ ហើយអាចជួយឲ្យមានសន្តិភាពនៅក្នុងតំបន់ទៀត ផង។ នៅក្នុងការប្រកាសកាលពីខែមីនា កន្លងមកលោក ត្រាំ បានបញ្ជាក់ថា អាមេរិក នឹងដកកម្លាំងទាហានចេញពីទីក្រុងសេ អ៊ូល។
សកម្មភាពខាងលើរបស់កូរ៉េខាងជើងគឺផ្ទុយទៅនឹងអ្វីដែលមន្ត្រីការទូតរបស់ខ្លួនប្រកាសកាលពីថ្ងៃទី២៣ ខែឧសភា របស់ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការ សហប្រជាជាតិបានបដិសេធសំណើពិភាក្សា ជាមួយបេក្ខភាពប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។
រដ្ឋទូតកូរ៉េខាងជើងលោក So Se pyong បានបញ្ជាក់ថា សំណើពិភាក្សារបស់លោក ត្រាំ ក្រោយពេលជាប់ឆ្នោតប្រធានាធិបតឺជាការឃោសនាសម្រាប់ខ្លួនលោកតែ ប៉ុណ្ណោះ មិនអាចយកជាការឡើយ ហើយ កូរ៉េខាងជើងក៏មិនពិភាក្សាជាមួយលោកដែរ។កាលពីសប្តាហ៍កន្លងមកលោក ត្រាំ បានប្រកាសថា នឹងពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ស្តីពីកម្មវិធីបរ មាណូ។
លោក So Se Pyong បញ្ជាក់ថា «ការ ពិភាក្សាឬមិននោះអាស្រ័យទៅលើមេដឹក នាំរបស់ខ្ញុំតែប៉ុណ្ណោះ ចំណែកសម្តីរបស់ លោកត្រាំ គ្មានន័យ និងគ្មានចិត្តស្មោះ ត្រង់ទៀតផង» ។ លោកបន្តទៀតថា ទីក្រុងព្យុងយ៉ាង នឹងវិលត្រឡប់មកពិភាក្សា៦ភាគីបញ្ចប់កម្ម វិធីបរមាណូ។ ចិន និងរុស្ស៊ីឯកភាពទៅលើទស្សនៈខាងលើរបស់ទីក្រុងព្យុងយ៉ាង តែ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងមិនឯកភាព។នៅថ្ងៃទី១៨ ខែឧសភា លោកដូណាល់ ត្រាំ បានប្រកាសថា បើលោកជាប់ឆ្នោត កិច្ចពិភាក្សានោះនឹងត្រូវធ្វើឡើង ហើយ វិបត្តិនឹងត្រូវបញ្ចប់។ ទន្ទឹមនឹងនោះលោក ក៏បានបញ្ជាក់ថា លោកនឹងដាក់សម្ពាធ ទៅលើរដ្ឋាភិបាលចិនដើម្បីឲ្យទប់ស្កាត់ បញ្ហានៅកូរ៉េខាងជើង។
នេះជាលើកទីមួយដែលលោក ត្រាំ បង្ហាញទស្សនៈចង់ពិភាក្សាជាមួយមេដឹកនាំ គីម ជុងអ៊ុន ចាប់តាំងពីពេលបោះឆ្នោតជ្រើសរើសបេក្ខភាពរហូតមកទល់ពេល នេះ។ កន្លងមកលោកក៏ធ្លាប់បានថ្កោល ទោស និងលើកសរសើរផងដែរថា មេដឹក នាំគីម ជុងអ៊ុន ជាបុគ្គលមានសមត្ថភាព ហ៊ានប្រឈមនឹងអាមេរិកដោយបើកចំហ ។
ចំណែកទីប្រឹក្សាសន្តិសុខរបស់បេក្ខភាព ប្រធានាធិបតីលោក ស្រី គ្លីនតុន លោក Jake Jullivan បានបញ្ជាក់ថា នឹងសហការជាមួយចិនដើម្បីដោះស្រាយវិបត្តិនៅកូរ៉េខាងជើង គឺជាអាទិភាពដំបូងបង្អស់ប្រសិនបើលោកស្រីជាប់ឆ្នោតជាប្រធានាធិបតីនៅពេលខាងមុខ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំរបស់ អង្គការ Asia Society លោក Jake Sullivan បញ្ជាក់ថា អាមេរិក ចិន នឹងសហការគ្នាដើម្បីដោះស្រាយបញ្ចប់វិបត្តិនៅក្នុង ប្រទេសកូរ៉េខាងជើង ពិសេសកម្មវិធី បរមាណូតែម្តង។
ក្រៅពីនេះលោក Jake ក៏បានលើក ឡើងពីកិច្ចព្រមព្រៀងដែលទទួលបាន ជោគជ័យរវាងអុីរ៉ងនិងប្រទេស៥បូក១ ហើយកិច្ចព្រមព្រៀងនោះជួយឲ្យលុប ចោលទណ្ឌកម្មទាំងឡាយទៅលើអីុរ៉ង។ នៅពេលនេះកូរ៉េខាងជើងក៏ដូចគ្នានោះដែរ សហគមន៍អន្តរជាតិនឹងលុបចោលទណ្ឌ កម្មនៅពេលដែលកូរ៉េខាងជើងព្រមព្រៀងទៅលើកម្មវិធីបរមាណូនោះ។
លោក Jake ក៏ធ្លាប់បានចូលរួមពិភាក្សាជាមួយអីុរ៉ងក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់ របស់រដ្ឋាភិបាលអាមេរិក។
សកម្មភាពរបស់បេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីររូបគឺមានទស្សនកិច្ចចង់បញ្ចប់វិបត្តិជាមួយកូរ៉េខាងជើងដូចគ្នា។ កន្លងមកបេក្ខភាពប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានប្រកាសឲ្យដឹងថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះលោកនឹងពិភាក្សាជាមួយមេដឹកនាំ គីម ជុងអ៊ុន ដើម្បីបញ្ចប់វិបត្តិ បរមាណូ។
ជប៉ុននិងកូរ៉េខាងត្បូងដែលជាសម្ពន្ធ មិត្តរបស់អាមេរិកនៅតែបារម្ភជានិច្ចពីការវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើង។ សម្រាប់លោកអូបាម៉ា កូរ៉េ ខាងជើងនេះជាប្រភពកង្វល់ធំជាងគេ សម្រាប់ពិភពលោក។ ខុសពីក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាមដែលជាក្រុមភេរវជន ដ៏គ្រោះថ្នាក់ និងគំរាមកំហែងលោក អូបាម៉ា បាននិយាយថា កូរ៉េខាងជើងរបប មួយដែលគ្មានស្ថិរភាព និងឯកោអាចបង្ក ការគំរាមកំហែងក្នុងរយៈពេលមធ្យមមួយ ដែលគេចាំបាច់ត្រូវតែប្រយ័ត្នជាប់ជានិច្ច។
កូរ៉េខាងជើងបានផ្គើនបម្រាមរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៤ នៅខែមករាដើមឆ្នាំនេះ។ ជាប្រតិកម្មតបវិញ អង្គការសហប្រជាជាតិបានបោះឆ្នោតអនុម័តទណ្ឌកម្មថ្មី និងធ្ងន់ ធ្ងរជាងមុនទៅលើរបបកុម្មុយនិស្តកូរ៉េខាង ជើង។
នៅថ្ងៃព្រហស្បតិ៍ ក្នុងសន្និសីទស្តី ពីសន្តិភាព និងសន្តិសុខនៅអាស៊ីខាងកើត ដែលរៀបចំក្នុងទឹកដីកូរ៉េខាងត្បូងអគ្គលេ ខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ក៏បាននិយាយពីកូរ៉េខាងជើង។ លោក បាន គីមូន គេគួររកផ្លូវចរចាជាមួយកូរ៉េខាងជើង។
នៅក្រោយការបាញ់សាកល្បងនុយក្លេអ៊ែរ ទីក្រុងព្យុងយ៉ាងធ្លាប់បានស្នើឲ្យបើកឡើងវិញ នូវការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរ ជាមួយប្រទេសមហាអំណាច។ ថ្មីៗនេះ ទៀតកូរ៉េខាងជើងបានអំពាវនាវឲ្យកូរ៉េ ខាងត្បូងបើកការចរចាថ្នាក់យោធាដើម្បី បន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែសំណើនេះ ត្រូវកូរ៉េខាងត្បូងបដិសេធ និងចាត់ទុក សំណើរបស់កូរ៉េខាងជើងជាយុទ្ធសាស្រ្ត ឃោសនាបន្លំភ្នែក។ រដ្ឋាភិបាលក្រុងសេ អ៊ូលធ្លាប់បានប្រកាសហើយថា ការចរចា ជាមួយកូរ៉េខាងជើងអាចធ្វើទៅបាន ដរាបណាកូរ៉េខាងជើងសុខចិត្តលះបង់ ចោលមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ របស់ខ្លួន៕
ប្រែសម្រួល៖ ម៉ែវ សាធី