ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជាច្រើននាក់ មានទាំងនគរបាល និងអាវុធហត្ថស្ទើរមួយខណ្ឌពោធិ៍សែនជ័យ បានសហការគ្នាឡោមព័ទ្ធទីតាំងផ្ទះប្រជាពលរដ្ឋ ដែលត្រូវជនសង្ស័យ ម្នាក់គាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ តែជនសង្ស័យបានគប់ដបសាំងចេញពីក្នុងផ្ទះ បណ្តាលអោយឆាបឆេះផ្ទះ និងរលាករោលរបួសសមត្ថកិច្ច២នាក់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ ។
ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង០០ យប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅក្បែរសួនកាណាឌីយ៉ាតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។នៅក្នុងការចុះអន្តរាគមន៍នេះ សមត្ថកិច្ចបានផ្ទះុអាវុធបាញ់២គ្រាប់ ដើម្បីបង្ក្រាប ហើយចាប់ខ្លួនចោរគាស់ផ្ទះប្រជាពលរដ្ឋម្នាក់ ខណ:កំពុងចូលទៅធ្វើសកម្មភាពនៅក្នុងផ្ទះជនរងគ្រោះ ។
នៅកន្លែងកើតហេតុ ជនសង្ស័យរូបនេះ ក៏បានដុតផ្ទះប្រជាពលរដ្ឋរងគ្រោះទៀតផង ក្រោយធ្វើសកម្មភាព មិនបានសម្រេចដោយសារតែអ្នករស់នៅក្បែរនោះដឹងទាន់ ហើយហៅសមត្ថកិច្ចឲ្យទៅជួយ តែត្រូវបានប្រជាពលរដ្ឋជួយពន្លត់ទាន់ កុំអីក្លាយជាគ្រោះអគ្គិភ័យបាត់ទៅហើយ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ផ្ទះកើតហេតុខាងលើត្រូវម្ចាស់ចាក់សោរទុកចោលនៅពេលយប់ ហើយជនសង្ស័យដែលជាមុខសញ្ញាដ៏សកម្ម មានគ្នា២នាក់ បានទៅឈរនៅខាងមុខផ្ទះកើតហេតុ មួយសន្ទុះក្រោយមក ក៏ស្រាប់តែបាត់ជនសង្ស័យម្នាក់ ឃើញតែជនសង្ស័យម្នាក់ទៀតឈរនៅឆ្ងាយពីផ្ទះកើតហេតុ ធ្វើអោយប្រជាពលរដ្ឋក្បែរសង្ស័យ ធ្វើមានការផ្តាំផ្ញើរពីម្ចាស់ផ្ទះអោយជួយមើល លុះដល់ពេលមានគេទៅអើតមើលផ្ទះនោះស្រាប់តែបាត់សោរដែលចាក់ពីក្រៅ ក៏ឭសំលេង រើកកាយ
ទើបដឹងថាមានចោរចូលលួចទ្រព្យសម្បត្តិពិតមែន បន្ទាប់មកក៏ទូរស័ព្ទទៅប្តឹងសមត្ថកិច្ច ប៉ុស្តិចោមចៅអោយជួយអន្តរាគមន៍ ។ប្រភពដដែលបន្តថា ពេលសមត្ថកិច្ចមកដល់បានទាក់ទងទៅម្ចាស់ផ្ទះកើតហេតុដែលជាផ្ទះមានលក់សាំងដប និងជួលជុលនាឡិកា
លុះដល់ពេលម្ចាស់មកដល់បានព្រមអោយសមត្ថកិច្ចជួយគាស់ផ្ទះដើម្បីចាប់ជនសង្ស័យ តែខណៈដែលសមត្ថកិច្ចកំពុងគាស់ ស្រាប់តែជនសង្ស័យបានគប់សាំងដប គប់មកលើសមត្ថកិច្ច បណ្តាលអោយរលាករោលសមត្ថកិច្ចប៉ុស្តិចោមចៅម្នាក់ ឈ្មោះ កេត យ៉ាវ៉ាន់និងកំលាំងប្រជាការពារម្នាក់ ឈ្មោះ អៅ សំអឿន ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ក្រោយមកកំលាំងសមត្ថកិច្ច បានយកជនសង្ស័យចេញមកក្រៅ ព្រមទាំងការពារមិនអោយប្រជាពលរដ្ឋកាត់ទោសដោយហិង្សា តែទោះជាយ៉ាងណា ប្រជាពលរដ្ឋជាច្រើនរយនាក់បានសម្រុកចូលវាយជនសង្ស័យបានម្នាក់ម៉ាដៃម៉ាជើង រហូតសន្លប់ តែត្រូវបានសមត្ថកិច្ចចូលក្នុងរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ ទាន់ពេលកុំអីមិនដឹងតុលាការប្រជាពលរដ្ឋកាត់ទោសដល់ស្លាប់ជាក់ជាមិនខានឡើយ ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ច ដឹកតាមរថយន្ត ៧១១ មកអធិការរដ្ឋានគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការនិតិវិធីច្បាប់។
សុខាសែនជ័យ