ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់យ៉ាងអណោចអធ័ម ដោយសាររថយន្តមិនស្គាល់អត្តសញ្ញាណបើកបុក ហើយកិនខ្ទេចក្បាលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ នៅលើផ្លូវ ជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ភូមិជីម៉ូវ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជងរងគ្រោះមានភិនភាគសម្បុរស្រអែម កំពស់១.៦៤ម៉ែត្រ អាយុប្រហែលជាង៤០ឆ្នាំ ស្លៀកខោខ្លីដោះអាវ ត្រូវរថយន្តបុកហើយកិនខ្ទេចក្បាលមើលមុខលែងស្គាល់ ។
រថយន្តបង្កមិនស្គាល់អត្តសញ្ញាណនោះឡើយ អ្នកខ្លះថាជាប្រភេទរថយន្តតួរីសដឹកអ្នកដំណើរ អ្នកខ្លះទៀតថា ជាប្រភេទរថយន្តដឹកទំនិញធន់ធ្ងន់ ។
សមត្ថកិច្ចស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា រថយន្តបង្កមិនស្គាល់អត្តសញ្ញាណនោះទេបើកបរក្នុងទិសដៅពីភ្នំពេញទៅកំពត ចំណែកជនរងគ្រោះដើរឆ្លងផ្លូវក៏ត្រូរថយន្តបើកទៅដល់បុកហើយកិនខ្ទេចក្បាលតែម្តង ក្រោយបង្កហេតុរថយន្តបង្កបើកគេចបាត់ ។
លោក ជុន វណ្ណុត មេបញ្ជាការរងកងរាជអាវុធហត្ថដែលដឹកនាំកម្លាំងចុះសម្រួលចរាចរទាំងយប់បានឲ្យដឹងថា ពុំមានអ្នកណាស្គាល់ភិនភាគរថយន្តនោះទេព្រោះចំនុចគ្រោះថ្នាក់មានសភាពងងិតឈឹង ហើយមិនសូវមានផ្ទះអ្នកភូមិទៀត ទើបធ្វើឲ្យរថយន្តបង្កបើកគេចបានដោយសុវត្ថិភាព ។ ដោយឡែកម្លាំងអាវុធហត្ថចុះមកនេះគឺដើម្បីសម្រួលចរាចរកុំឲ្យកកស្ទះប៉ុណ្ណោះចំពោះការវាស់វែង ឈានទៅដល់ធ្វើការសន្និដ្ឋានគឺជាជំនាញរបស់នគរបាលចរាចរ ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានយកទៅតម្កល់នៅវត្តក្បែកន្លែងកើតហេតុដើម្បីស្វែងរកសាច់ញាតិ ៕
ដោយ៖ សណ្តោស