ភ្នំពេញ៖ នៅសាលាកងរាជអាវុធហត្ថកំបូល នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារ ព័ត៍មាន សន្តិសុខ និងបង្ក្រាបបទល្មើស បានអញ្ជើញជាអធិបតី ក្នុងពិធី ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ស្នងការ ស្នងការរង លោកឧត្តមសេនីយ៍នាយកសាលាកងរាជអាវុធហត្ថកំបូល និងនាយ នាយរងអាវុធហត្ថជាច្រើនរូប។
លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការផែនការ កសាងកម្លាំង បានលើកឡើងពីភារកិច្ចតួនាទី កងកម្លាំង ដែលត្រូវបំពេញការងារជាប្រចាំ និងត្រូវស្វែងយល់ដឹងពីការវិវឌ្ឍន៍សភាពការណ៍នយោបាយនៅកម្ពុជា។ ដោយលោកឧត្តមសេនីយ៍បានលើកឡើងផងដែរពីប្រទេសជាតិយើងមានស្ថេរភាព សុខសន្តិភាព សេដ្ឋកិច្ចជាតិមានការរីកចម្រើន ជាមួយការអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ធនៅក្របខ័ណ្ឌទូទាំងប្រទេសនេះជាដើម។ លោកបញ្ជាក់ថាៈ ក្រៅពីការងារប្រចាំថ្ងៃកងកម្លាំងក៏នឹងត្រូវមើលពីសភាពការណ៍សកលលោក តើមានអ្វីប្លែកដែលអាចជះឥទ្ធិពលប៉ះពាល់មកដល់ប្រទេសយើង។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថាៈ កន្លងមកមានការប្រមូលផ្តុំដោយស្លៀកពាក់ខ្មៅតាមរយះការប្រមូលផ្តុំគ្នាតាមទីសាធារណៈ និងទៅតវ៉ានៅកន្លែងមណ្ឌលកែប្រែព្រៃសជាដើម ទាមទារអោយដោះលែងជនជាប់ចោទ បង្កអោយមានបញ្ហាអសន្តិសុខក្នុងសង្គម ។ មិនតែប៉ុណ្ណោះ ជាទម្លាប់ពួកគេបានទាមទារអោយសមត្ថកិច្ច អាជ្ញាធរគោរពច្បាប់ ដល់ពេលប្រទេសមានច្បាប់ រដ្ឋាភិបាលអនុវត្តច្បាប់ បែរជាពួកគេបង្កើតប្រឌិតបញ្ហាផ្សេងៗវាយប្រហារមកលើរាជរដ្ឋាភិបាល។ លោកឧត្តមសេនីយ៍មេបញ្ជាការរង បានបន្តថាៈ គ្មានអ្នកណាហាមឃាត់ពលរដ្ឋមិនអោយស្លៀកពាក់ខ្មៅ ទេ ចង់ស្លៀកពាក់ពណ៍អីក៏បាន គឺជាសិទ្ធយើងទាំងអស់គ្នា សំខាន់ត្រូវចេះគោរពសិទ្ធគ្នាទៅវិញទៅមក ប៉ុន្តែកន្លងមកក្រុមខ្លះកេណ្ឌប្រមូលមនុស្សស្លៀកពាក់ខ្មៅក្នុងគោលបំណងបដិវត្តពណ៍ផ្តួលរលំរាជរដ្ឋាភិបាល ដូច្នេះប្រទេសនិតិរដ្ឋមិនអាចអោយបុគ្គលណាមួយធ្វើល្មើសច្បាប់បែបនេះបានឡើយ៕
ដោយ៖ សុខ ខេមរា