ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០២ មិថុនា ឆ្នាំ២០១៦ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្ដេចយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិត ចិន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទីទី០៤ ខែមិថុនា ឆ្នាំ២០១៦ ។
ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី យាងតាមព្រះទីនាំងយន្តហោះពិសេសចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះមហាក្សត្រ នៅប្រទេសចិនគឺតបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ។
នៅក្នុងព្រះរាជសាររបស់ ព្រះមហាក្សត្រ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ តទៅ ព្រះអង្គនឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជាមានិតចិន តាមសំណើសូមយាងរបស់ឯកឧត្ដមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន” ៕
ដោយ៖ សហការី