ខេត្តកណ្តាល៖ បុរសវ័យ៥៨ឆ្នាំម្នាក់បានធ្វើសកម្មភាពល្បួងក្មេងស្រីអាយុ៦ឆ្នាំយកទៅរំលោភនៅក្រោមដើមរាំងលើខ្នងទួលប្រាំរយ តែមិនបានសម្រេចត្រូវអ្នកជិតខាងដើរមកទាន់ ធ្វើឲ្យបុរសរូបនេះភ័យស្លន់ស្លោដើរគេចខ្លួន ។ មួយសន្ទុះក្រោយមកក្រុមគ្រួសារក្មេងស្រីរងគ្រោះបានទៅដាក់ពាក់បណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ករណីប៉ុនប៉ងរំលោភសេពសន្ថវៈមិនបានសម្រេចនេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្រោមដើមរាំងលើខ្នងទួលប្រាំរយ ស្ថិតក្នុងភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
អធិការនគរបាលស្រុកស្អាងលោកវរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ច្រិច កុល ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដាំបាយ-ដាំទឹកនៅវត្តទួលប្រាំរយ បច្ចុប្បន្នស្នាក់នៅក្នុងវត្តស្ថិតក្នុងភូមិ/ឃុំកើតហេតុ និងមានលំនៅដ្ឋានក្នុងភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ។ ក្មេងស្រីរងគ្រោះឈ្មោះ ហ ស.ន អាយុ៦ឆ្នាំ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុ ។
លោកវរសេនីយ៍ទោ សេង សុជាតិ បានបញ្ជាក់ថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបាននៅរត់លេងក្នុងភូមិជាមួយប្អូនស្រីម្នាក់ទៀតដែលមានអាយុទើបតែ២ឆ្នាំប៉ុណ្ណោះ ។ ពេលក្មេងស្រីកំពុងឈរលេងជនសង្ស័យ បានដើរទៅនិយាយលួងលោមឲ្យដើរទៅលេងនៅក្រោមដើមរាំងលើខ្នងទួលប្រាំរយ ។
លោកអធិការបញ្ជាក់ទៀតថា ពេលទៅដល់ជនសង្ស័យឲ្យក្មេងស្រីរងគ្រោះដេកផ្ងានៅលើដី ហើយបានធ្វើសកម្មភាពស្រាតខោជើងវែងចង្កេះកៅស៊ូផុតពីជើង ។ បន្ទាប់មកជនសង្ស័យបានអង្គុយលត់ជង្គង់ពោបពីលើក្មេងស្រីរងគ្រោះបម្រុងធ្វើសកម្មភាព តែសំណាងល្អបានប្រជាពលរដ្ឋដើរត្រឡប់មកពីរាវខ្យងវិញឃើញទាន់ពេលវេលា ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោដើរគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយបដិសេធថា ខ្លួនមានជម្ងឺប្រចាំកាយមិនបានដឹងអ្វីទាំងអស់ ។ ដោយឡែកក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅពេលដែលខ្លួនកំពុងរត់លេងជាមួយប្អូនស្រីអាយុ២ឆ្នាំ ស្រាប់តែលោកតាច្រិច កុល (ជនសង្ស័យ)ដើរជិតឲ្យលុយរូបនាង១០០០រៀល និងបានបបួលទៅលេងក្រោមដើមរាំងលើខ្នងទួលប្រាំរយ។ ពេលទៅដល់លោកតាបានស្រាតខោនាងចេញពីខ្លួនផុតជើងរួចអង្គុយពោបពីលើ បន្ទាប់មកមានមនុស្សដើរមកទើបលោកតាដើរចេញសំដៅទៅភូមិបាត់ទៅ ។
លោក សេង សុជាតិ បានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យខាងលើនេះត្រូវបានលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតឲ្យឃាត់ខ្លួនកសាងសំណុំរឿងពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ