ដាក់ថ្នាំបំពុលឆ្កែរួចកាច់សោលួចយកម៉ូតូអ្នកស្រុកជិះគេចបាត់ឯណាទៅភូមិឃុំមានសុវត្ថិភាព

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រុមចោរដើរធ្វើសកម្មភាពដាក់ថ្នាំបំពុលសម្លាប់សត្វយកទ្រព្យ សម្បត្តិប្រជាពលរដ្ឋបានកក្រើកឡើងវិញ ទៀតហើយបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ។ ជាក់ស្តែងគ្រួសារជនរងគ្រោះឈ្មោះ កុល ត្រូវបានក្រុមចោរធ្វើសកម្មភាពយកម៉ូតូស៊េរីថ្មីជិះគេចខ្លួនបាត់ស្រមោល។

សកម្មភាពនេះបានភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោមផ្ទះជនរងគ្រោះស្ថិតក្នុងភូមិស្វាយមាស សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់។

អាជ្ញាធរមូលដ្ឋានប្រាប់ថា ម៉ូតូដែលក្រុមចោរធ្វើសកម្មភាពយកទៅបាត់នោះម៉ាក ហុងដាឌ្រីមសេ ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1E-6595 ជាសក្មសិទ្ធិរបស់ឈ្មោះ លុយ កុល ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ-សង្កាត់ កើតហេតុខាងលើ។

ប្រភពពីអាជ្ញាធរខាងលើបន្តថា សកម្ម ភាពនេះក្រុមចោរបានធ្វើសកម្មភាពដាក់ថ្នាំបំពុលសត្វឆ្កែងាប់អស់ចំនួន៣ក្បាលនិង សត្វមាន់១ក្បាល ហើយមិនត្រឹមយកម៉ូតូ មួយគ្រឿងនេះទេ ពួកចោរបានឡើងលើផ្ទះ រុករើកកាយរករបស់របរមានតម្លៃលួចយកលុយអស់ចំនួន១សែនរៀល កាតគ្រីម៉ូតូ១ សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ២ សន្លឹកផងដែរ។

ប្រភពដដែលបន្តទៀតថាម៉ូតូដែលក្រុមចោរយកទៅបាត់នោះម្ចាស់បានដាក់នៅ ក្រោមផ្ទះគ្មានបន្ទប់ទេ ប៉ុន្តែបានចាក់សោកនិងសោចន្ទុលហើយគាត់ដេកលើគ្រែនៅ ក្បែរម៉ូតូតែមិនដឹងក្រុមចោរធ្វើសកម្មភាព​យកទៅបាត់ នៅវេលាម៉ោងប៉ុន្មាននោះទេ។ លុះនៅពេលគាត់ភ្ញាក់ពីដំណេកបត់ជើងតូចក្រឡេកមើលម៉ូតូបាត់សូន្យនិងឃើញសត្វមាន់សត្វឆ្កែងាប់រដូករណេល ចំណែកអីវ៉ាន់នៅលើផ្ទះរាយប៉ាយពេញផ្ទះតែម្តង។

ប្រភពបញ្ជាក់ថា ភ្លាមនោះសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពួន​ស្ទាក់ឃ្លាំមើល ប៉ុន្តែហាក់ដូចជាគ្មានតម្រុយអ្វីទាំងអស់៕

Untitled-1

ដោយ៖ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print