ភ្នំពេញ៖ នារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកហាយប្រ៊ីដ ហើយរវល់តែនិយាយទូរស័ព្ទក៏បានជ្រុលចង្កូតទៅបុកនិងបង្គោលស្លាកសញ្ញាចរាចរណ៍បាក់អស់មួយដើម រួចព្យាយាមបើករថយន្តគេចខ្លួនទាំងបែកកង់បានប្រមាណ៣០០ម៉ែត្រក៏ត្រូវសមត្ថកិច្ចឃាត់បាន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខរូបសំណាកក្តាន់២ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បើតាមប្រភពព័ត៌មានពីនារីដែលជាអ្នកបើករថយន្តបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានបើករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5756 បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុង ទិសដៅពីកើតទៅលិច ខណៈបើករថយន្តធ្វើដំណើរតាមដងផ្លូវស្រាប់តែមានអ្នកខលមករកនាងហើយភ្លាមនោះនាងក៏បានលើកទូរស័ព្ទនិយាយខណៈដែលបើកបរ ស្របពេលដែលនាងកំពុងតែនិយាយទូរស័ព្ទមិនបានមើលផ្លូវក៏បានរេចង្កូតរថយន្តទៅបុកស្លាកសញ្ញាចរាចរណ៍បាក់អស់ចំនួនមួយដើម ហើយភ្លាមៗនោះរថយន្តមិនបានឈប់នោះទេថែមទាំងព្យាយាមបើករងយន្តគេចពីសមត្ថកិច្ចថែមទៀត។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីបង្កហេតុនារីបើករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនទាំងរថយន្តបែកកង់មុខខាងឆ្វេង ប៉ុន្តែបានប្រមាណជា៣០០ម៉ែត្រក៏ត្រូវបានកម្លាំងល្បាតដេញឃាត់បានផងដែរនិងយកមកធ្វើការអប់រំ។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ៖ ព្រែកជ័យ