ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចវាយខ្នោះដោយសារបើកបររថយន្តលឿនមិនមើលបុកបារ៉ាស់គោលដៅត្រួតពិនិត្យជាតិស្រវឹងរបស់ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោកហើយ និងជ្រុលទៅបុកគូទរថយន្តកាមរ៊ីហាយប្រ៊ីតមួយគ្រឿងផ្សេងទៀតបណ្តាលឲ្យរងការខូតខាតសង្ស័យថាស្រវឹងស្រា បង្កការភ្ញាក់ផ្អើលទាំងយប់។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១១យប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២៧១ នៅត្រង់ចំណុចមុខ សាលាវិទ្យាល័យ ជាស៊ីមសាមគ្គី ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខណៈដែលសមត្ថកិច្ចកំពុងធ្វើប្រតិបត្តិការណ៍ចុះឆែកអាវុធជាតិផ្ទុះនិងគ្រឿងស្រវឹង។
បុរសដែលបើករថយន្តបង្ករខាងលើ មានឈ្មោះ សៅ ភារម្យ អាយុ៣៣ឆ្នាំ មានមុខរបរជាអ្នកលក់ទូរស៏ព្ទដៃ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ជាម្ចាស់រថយន្តម៉ាកតូយូតាព្រូស ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AJ-7483 ។
តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងចរាចរណ៍ខណ្ឌកម្លាំងអន្តរាគមន៍ និងចរាចរណ៍ក្រុង បានដាក់គោកដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ និងជាតិស្រវឹង នៅតាមបណ្តោយផ្លូវ២៧១ មុខសាលាជា ស៊ីម សាមគ្គី ចាប់តាំងពីម៉ោង១០យប់ រហូតមកដល់ម៉ោង១១ពេលកំពុងតែចុះអនុវត្តច្បាប់សុខៗ ក៏ស្រាប់តែមមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ទឹកប្រាក់ បើកបរដោយបុរសបង្កបើកតាមបណ្តោយផ្លូវ២៧១ ទិសដៅពីកើតទៅលិច ក្នងល្បឿនលឿនដោយមិនមានការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុ ដោយបើកបរលឿនមិនបានមើលបារ៉ាសគោលដៅ បានបុកពេញទំហឹងហើយនិងជ្រុលទៅបុកពីក្រោយ គូទរថយន្តកាមរ៊ីហាយប្រ៊ីតមួយគ្រឿងផ្សេងទៀតដែលគេ បន្ថយល្បឿនខណៈមកដល់គោលដៅរបស់សមត្ថកិច្ចដែលកំពុងធ្វើការអនុវត្តច្បាប់ឆែកឆេរជាតិស្រវឹងនិងអាវុធជាតិផ្ទុះ បណ្តាលបុករុញបារ៉ាសបុកផ្ទប់ ទៅគូទរថយន្តហាយប្រ៊ីតដែលនៅពីមុខ រងការខូតខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់អ្នកបើកបរ និងស្ទូចរថយន្ត បញ្ជូនបង្កទៅហេតុខាងលើទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ព្រែកជ័យ