សារព័ត៌មានTASS បានផ្សាយថា នៅថ្ងៃទី២៨ ខែធ្នូថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យច្បាប់ស្តីពីវិធានការ ដើម្បីសងសឹកប្រឆាំងនឹងតម្លៃពិតានរបស់លោកខាងលិច លើថាមពលប្រេងរុស្ស៊ី។ បទបញ្ជានេះចូលជាធរមានចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយនឹងត្រូវបានអនុវត្តរហូតដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៣។
ក្រឹត្យនេះចែងថា “ការផ្គត់ផ្គង់ប្រេងនិងផលិតផលប្រេងរបស់រុស្ស៊ីដល់អង្គការ និងបុគ្គលបរទេសត្រូវបានហាមឃាត់ ប្រសិនបើកិច្ចសន្យាដោយផ្ទាល់ ឬដោយប្រយោលសំដៅទៅលើបទប្បញ្ញត្តិនៃការកំណត់ តម្លៃថាមពលរុស្ស៊ី។
គួរកត់សម្គាល់ថា ការនាំចេញប្រេងឆៅ ទៅកាន់ប្រទេសដែលដាក់កម្រិតតម្លៃលើប្រេងរុស្ស៊ី នឹងត្រូវហាមឃាត់ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ។ ក្រឹត្យនេះក៏រួមបញ្ចូលផងដែរ នូវបទប្បញ្ញត្តិដែលអនុញ្ញាតឱ្យលោកប្រធានាធិបតី ពូទីន លុបចោលការហាមឃាត់ក្រោម កាលៈទេសៈពិសេស។
រាល់ការដឹកជញ្ជូនផលិតផលប្រេង និងប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសដែលចូលរួម ក្នុងគោលនយោបាយកំណត់តម្លៃ របស់លោកខាងលិច នឹងអាចធ្វើទៅបានដោយផ្អែកលើការសម្រេចចិត្តពិសេសរបស់ប្រធានាធិបតី ពូទីន។ ក្រសួងថាមពលរុស្ស៊ីនឹងត្រួតពិនិត្យការអនុលោមតាមក្រឹត្យច្បាប់ របស់ប្រធានាធិបតីស្តីពីវិធានការ ទាក់ទងនឹងការកំណត់តម្លៃ។
កាលពីដើមខែនេះ សហភាពអឺរ៉ុប (EU) និង G7 អូស្ត្រាលី បានយល់ព្រមកំណត់តម្លៃពិតាន៦០ ដុល្លារក្នុងមួយបារ៉ែល ឬយ៉ាងហោចណាស់ ៥% ទាបជាងតម្លៃទីផ្សារសម្រាប់ប្រេង ដែលនាំចូលតាមសមុទ្រពីរុស្ស៊ី។ ចាប់ពីថ្ងៃទី ៥ ខែធ្នូ សហភាពអឺរ៉ុបនឹងហាមឃាត់ក្រុមហ៊ុនដឹកជញ្ជូន និងធានារ៉ាប់រងសម្រាប់ការនាំចេញប្រេងរបស់រុស្ស៊ី ដែលលក់លើសពីតម្លៃពិតាន៕ ដោយធីរីណា
រូបថត : Reuters