ខេត្តស្វាយរៀង: ផ្ទះសង់អំពីឈើប្រក់ក្បឿងមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០និង៥០នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ស្ថិតនៅភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ពុត សាមឿន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កសិករ ប្រពន្ធឈ្មោះហាយ ម៉ាឡៃ អាយុ៥២ឆ្នាំ មានសមាជិករស់នៅក្នុងផ្ទះនេះចំនួន០៣គ្រួសារ មានសមាជិកសរុប១០នាក់ នៅក្នុងភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។
ចំណែកផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់នេះមានទំហំ
៥,៥ម៉ែត្រx៩ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង ជញ្ជាំងក្ដារត្រូវភ្លើងឆេះអស់ទាំងស្រុង។
សម្ភារដែលត្រូវភ្លើងឆេះខូចខាតមានជង្រុកស្រូវទំហំ៣ម៉ែត្រx៥ម៉ែត្រសង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹក
រងការខូចខាតអស់ទាំងស្រុង ។
ចំពោះទ្រព្យសម្បត្តិដែលខូចខាតរួមមាន៖ រថយន្តសាំយ៉ុង០១គ្រឿង, ម៉ូតូ
ហុងដាwave សេ១១០ចំនួន០១គ្រឿង,
មាសចំនួន២,៥តម្លឹង, ប្រាក់ដុល្លារចំនួន២៥០០ដុល្លារអាមេរិក, ប្រាក់រៀលចំនួន២,០០០,០០០រៀល, ស្រូវចំនួន៣តោន, សម្លៀកបំពាក់ឆេះទាំងអស់ ដោយសរុបថវិកាចំនួន២លានរៀលនិង២៥០០ដុល្លារអាមេរិក ។
សមត្ថកិច្ចបញ្ជាក់ថា អគ្គិភ័យឆេះផ្ទះនេះមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ខណៈដែលមានភ្លើងឆេះចេញពីរថយន្តបង្កការភ្ញាក់ផ្អើលដល់ម្ចាស់នាំគ្នាដងទឹកជះនិងចុះពីលើផ្ទះទាំងអស់គ្នាហើយក៏រាយការណ៍មកសមត្ថកិច្ចតែម្ដង៕ ដោយ៖ សុថាន