រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋជាង១០គ្រួសារផ្ទុះការតវ៉ាករណី ក្រុមហ៊ុន មាស ណារិទ្ធិបានសង់របងរំលោភយកផ្លូវសាធារណៈ។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង ១៥នាទីរសៀលថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៥ស្ថិតនៅផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
តាមការរៀបរាប់របស់ប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងខាងលើប្រជាពលរដ្ឋបានទិញពីឈ្មោះ ណារិទ្ធិតាំងពីឆ្នាំ ២០០៣-២០០៤ មកម្លេះ និងមានលិខិត ស្នាមត្រឹមត្រូវ មានផ្លូវធំទូលាយសំរាប់ចេញចូល តែរយៈពេលថ្មីៗក្រុមហ៊ុនមាសណារិទ្ធិបាន បំពានសង់យករបសងលើចិញ្ចើមផ្លូវសាធារណៈ ទើបពួកគាត់ផ្ទុះការតវ៉ា និងដើម្បីដំណោះស្រាយ ឬអន្តរាគមន៍ពីអជ្ញាធមូលដ្ឋាន។
ពួកគាត់បានបន្តទៀតថា ក្រុមហ៊ុនខាងលើបានសាងសង់របងថ្មរំលោភយកដីប្រជាពលរដ្ឋម្តងហើយពួកគាត់បានដាក់ពាក្យបណ្តឹងមកអាជ្ញាធរ ហើយ អាជ្ញាធរបានចេញសេចក្តីណែនាំ អោយក្រុមហ៊ុនផ្អាក់សាងសង់សំណង់ខាងលើម្តងហើយតែ
ភាគីខាងក្រុមហ៊ុនបានលួចសាងសងរៀងរាល់ថ្ងៃអាទិត្យ ឬពេលយប់។ ជាពិសេសក្រុមហ៊ុន បានបំពាក់កាម៉េរ៉ាសុវត្ថិភាពជាច្រើនកន្លែង សូម្បីតែកន្លែងងូតទឹក និងបង្វែរកាម៉េរ៉ាសំដៅមកផ្ទះ ប្រជាពលរដ្ឋនៅទីនោះទៀតផង។ ឆ្លើយតបនិងបញ្ហានេះ លោក លី សាវេត អភិបាលនៃគណៈអ ភិបាលខណ្ឌសែនសុខបានលើកឡើងថា ក្រុមហ៊ុនខាងលើតែងតែបង្កបញ្ហាមិនចេះចប់មិនចេះ ហើយ និងបង្កការលំបាកដល់ប្រជាពលរដ្ឋជារឿយៗ ហើយបច្ចុប្បន្នបុគ្គល មាស ណារិទ្ធិបានរត់ ចោលស្រុកបាត់ទៅហើយ។
លោកបានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ធ្វើរបងការពារដី ខ្លួនឯងជៀសវាងជនខិលខូចរំលោភយកដីរបស់ពួកគាត់។ បន្ទាប់ពីបានទទួលបណ្តឹងពីប្រជាពលរដ្ឋ លោក លី សាវេតអភិបាលខណ្ឌសែនសុខ បានបញ្ជាអោយ លោក ធា សាវុធ ប្រធានការិយាល័យអន្តរវិស័យ និងលោក អ៊ុក សុភា អនុប្រធានការិយាល័យអន្តរវិស័យបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះរុះរើសរបងសង់លើផ្លូវសាធារណៈមករក្សាទុកនៅសាលាខណ្ឌសែន សុខ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយជាក្រោយ។ ចំណែកតំណាងក្រុមហ៊ុនខាងសាព័ត៌មាន យើងមិនអាចធ្វើការទំនាក់ទំនងបានទេ ព្រោះពេលទូរស័ព្ទចូលគាត់ឆ្លើយថា ជាប់រវល់ប្រជុំ៕