សាធារណរដ្ឋម៉ាល់ឌីវ : នាថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣នៅក្នុងសន្និសីទសារព័ត៌មានរួម ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដែលលោកប្រធានាធិបតីម៉ាល់ឌីវ បានផ្តល់អាហារូបករណ៍ សម្រាប់និស្សិតកម្ពុជា ផ្តល់នូវការហ្វឹកហាត់សម្រាប់អ្នកហែលទឹករបស់កម្ពុជា និងផ្តល់នូវការបណ្តុះបណ្តាលដល់មន្រ្តីបដិសណ្ឋារកិច្ចរបស់កម្ពុជាចំនួន២០រូបដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា។ ធ្វើអោយប្រទេសទាំងរឹតចំណងទំនាក់ទំនងគ្នាដ៏ល្អទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា ក៏បានប្រកាសផ្តល់អាហារូបករណ៍ចំនួន១០រូបដល់និស្សិតរបស់ម៉ាល់ឌីវ ដើម្បីសិក្សានៅថ្នាក់ឧត្តមសិក្សានៅកម្ពុជាផងដែរ។
លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏សុំស្នើផងដែរជាមួយនឹងលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ ដែលសង្ឃឹមថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ នឹងពិនិត្យពិភាក្សាគ្នាដើម្បីពង្រីកគ្របដណ្តប់ទៅដល់វិស័យវប្បធម៌នៃប្រទេសទាំងពីរ។
សម្តេចតេជោ និងលោកប្រធានាធិបតីម៉ាលឌីវនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាមួយចំនួនដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ៕
ដោយ : សហការី