ក្រុមហ៊ុនលក់រាយរបស់ចិនដែលមានឈ្មោះថា Suning Holdings Group បាន ប្រកាសថា ពួកគេបានទិញភាគហ៊ុនចំនួន៧០ភាគរយរបស់ក្លិប Inter Milan នៅ ក្របខ័ណ្ឌអុីតាលី Serie A។
បើតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ក្រុមហ៊ុនចិននេះបានចំណាយទឹកប្រាក់រហូតដល់ទៅ២៧០លានអឺរ៉ូដើម្បី ទិញភាគហ៊ុនពីម្ចាស់ក្លិប Erick Thohir ដែលបានទិញ និងក្លាយទៅជាម្ចាស់ក្លិប កាលពីឆ្នាំ២០១៣ ។
លោក Zhang Jidong ដែលជាប្រធាន ក្រុមហ៊ុន Suning Holdings បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀមនេះដោយក្តីរីករាយហើយរំពឹងថា វានឹងអាចជួយលើកស្ទួយ វិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសចិនផងដែរ ។
គាត់បាននិយាយថា “ក្រុមហ៊ុនរបស់យើងមានរបររកស៊ីជាលក្ខណៈអន្តរជាតិ ឈ្មោះរបស់ក្រុមហ៊ុននឹងកាន់តែល្បីល្បាញ ខ្លាំងឡើងនៅទ្វីបអឺរ៉ុប ។
ចំណែកវិស័យបាល់ទាត់នៅប្រទេសចិនក៏កាន់តែរីកចម្រើនដែរ ហើយពេលទទួលបានភាគហ៊ុនធំនៅក្នុងក្លិប Inter Milanនេះកាន់តែធ្វើឲ្យមានភាពល្អប្រសើរថែម មួយកម្រិតទៀត” ។
Inter Milan គឺជាក្លិបទី៣ហើយដែលមានម្ចាស់ជាជនជាតិបរទេសក្រៅពីជនជាតិ អុីតាលីនៅក្នុងក្របខ័ណ្ឌ Serie A ដោយ ក្លិបពីរទៀតមានដូចជាRoma ម្ចាស់ក្លិប មានសញ្ជាតិអាមេរិក និង Bologna មាន ម្ចាស់ភាគហ៊ុនធំគឺក្រុមហ៊ុនកាណាដា ៕
ដោយ៖ ដេវីត