ភ្នំពេញ :ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានជនខ្លះរៀនសូត្របានចេះដឹងក្រោមដំបូលសាលារៀនធ្លុះធ្លាយ តែគេបែរជាមើលស្រាលគុណភាពអប់រំកម្ពុជាទៅវិញ ។
សម្តេចមានប្រសាសន៍បន្តថា, ហើយថែមទាំងមើលងាយសញ្ញាបត្រស្រុកខ្មែរថែមទៀតផង។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលពិធីនេះធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ច្បាស់ណាស់ថា គុណភាពវាមិនគ្រប់គ្រាន់នោះទេ នៅក្នុងប្រទេសគេក៏ដូចគ្នាដែរ ប៉ុន្តែកម្ពុជា និងប្រទេសដទៃក៏កំពុងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឆ្លើយតបចំពោះការបណ្តុះបណ្តាលធនធានមនុស្ស រួមនឹងការពង្រឹងសេដ្ឋកិច្ចសង្គមផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្តេចមានមោទនភាពដែលបានសម្រេចចិត្តត្រឹមត្រូវដោយអនុញ្ញាតឱ្យវិស័យឯកជនចូលរួមវិនិយោគក្នុងវិស័យអប់រំ ដែលបានបង្កើតស្ថានភាពល្អប្រសើរ និងងាយស្រួលផងដែរសម្រាប់សាកលវិទ្យាល័យទាំងអស់របស់រដ្ឋ ដែលអាចយកមួយផ្នែកបណ្តុះបណ្តាលតាមរយៈការបង់ថ្លៃសិក្សា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា ដំណាក់កាលដែលកម្ពុជា ជួបវិបត្តិកូវីដ១៩ ក៏បានក្លាយឲ្យកម្ពុជាមានដំណាក់កាលលូតផ្លោះ នៃប្រព័ន្ធឌីជីថល ខណៈគ្រានោះ ការសិក្សារបស់សិស្សានុសិស្សទូទាំងប្រទេសបានធ្វើឡើងតាមរយៈប្រពន្ធអនឡាញ។
ជាមួយគ្នានោះដែរសម្ដេចតេជោហ៊ុន សែន ក៏បានលើកឡើងផងដែរថា កម្ពុជានឹងធ្វើការពង្រឹងនូវប្រព័ន្ធឌីជីថលនេះឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យសេវាកម្មនេះក្លាយទៅជាទំនើបកម្មក្នុងការរៀនសូត្រ និងកិច្ចការងារជាតិជាច្រើនទៀត។
សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានប្រកាសផងដែរថា កម្ពុជានឹងប្រើប្រាស់ប្រព័ន្ធឌីជីថលនេះដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយព្រោះការទូទាត់ផ្សេងៗត្រូវធ្វើឡើងតាម Online ដោយអ្នកផ្តល់សេវា និងអ្នកទទួលសេវាមិនចាំបាច់ជួបមុខគ្នាដូចគ្នាមុននោះឡើយ៕
ដោយ : សិលា