សម្តេចតេជោ ៖ «សូមកុំភ្លេចនៅថ្ងៃទី២៥ នឹងចាប់ផ្តើមធ្វើឱ្យមានចលនាជាតិមួយ រាប់ថយក្រោយ ២៥គឺស្រែកថា ១០០ថ្ងៃ ដល់ទៅថ្ងៃទី២៦ ស្រែកថា ៩៩ថ្ងៃ ដល់ទៅថ្ងៃទី២៧ ស្រែកថា ៩៨ថ្ងៃ រាប់ថយក្រោយ»

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា, ៖ ថ្ងៃទី២៥ ខែមករា គឺជាថ្ងៃធ្វើយុទ្ធនារាប់ថយក្រោយការប្រកួតស៊ីហ្គេម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ គឺជាយុទ្ធនាការរាប់ថយក្រោយនៃការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចថា ការប្រកួតកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ គឺជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្រោយរង់ចាំធ្វើជាម្ចាស់អស់ជាច្រើនទស្សវត្សរ៍។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលរៀបចំឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ជាមោទនភាពដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តការណ៍ដ៏ធំក្នុងការប្រកួតស៊ីហ្គេម ដោយគិតរាប់ថយក្រោយ ១០០ថ្ងៃ ដែលមានកីឡាកររាប់ពាន់នាក់ មកពីបណ្តាប្រទេសនានា ក្នុងនោះមានក៏កម្ពុជាផងដែរ។

សម្តេចតេជោ បានថ្លែងថា៖ «សូមកុំភ្លេចនៅថ្ងៃទី២៥ នឹងចាប់ផ្តើមធ្វើឱ្យមានចលនាជាតិមួយ រាប់ថយក្រោយ ២៥គឺស្រែកថា ១០០ថ្ងៃ ដល់ទៅថ្ងៃទី២៦ ស្រែកថា ៩៩ថ្ងៃ ដល់ទៅថ្ងៃទី២៧ ស្រែកថា ៩៨ថ្ងៃ រាប់ថយក្រោយ»។

សម្តេចតេជោបានលើកឡើងថាកម្ពុជានឹងខិតខំរៀបចំការប្រកួតស៊ីហ្គេម និងការប្រកួតអាស៊ានប៉ារ៉ាហ្គេម (ជនមានពិការភាព) ដែលនឹងធ្វើឡើងនៅខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ប្រកបដោយសុវត្ថិភាព និងផ្តល់ភាពរីករាយដល់ភ្ញៀវដែលមកចូលរួមការប្រកួតស៊ីហ្គេម។

សម្តេចបានថ្លែងថា៖ «មិនមែនគ្រាន់តែឈ្នះមេដាយទេ តែធ្វើជាម្ចាស់ផ្ទះដែលមានការទទួលខុសត្រូវ ផ្តល់សុវត្ថិភាពដល់កីឡាករកីឡាការិនី និងអ្នកដឹកនាំមកពីបណ្តាប្រទេសនានា ផ្តល់ការសប្បាយរីករាយសម្រាប់ពួកគេដែលមកដល់ទឹកដីកម្ពុជា»។

សម្តេចបានគូសបញ្ជាក់ថា ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់នឹងយាងទៅប្រទាន «ព្រះអគ្គិកីឡា» នៅប្រាសាទអង្គរវត្តនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

បើតាមសម្តេចតេជោ កម្ពុជាបានត្រៀមថវិកាជាង ១០០លានដុល្លារក្នុងការរៀបចំការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាផ្ទះម្ចាស់៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print