អន្តរជាតិ ៖ ក្រុមកាំភ្លើងធំ Arsenal បានរក្សាការប្រណាំងប្រជែងដណ្តើមពាន Premier League បន្ទាប់ពីវាយបកដោយ Eddie Nketiah នៅនាទីទី៩០បានផ្តល់ឱ្យពួកគេនូវជ័យជម្នះយ៉ាងខ្លាំងលើក្រុម Manchester United ក្នុងការប្រកួតដ៏រំភើបមួយនៅឯកីឡដ្ឋាន Emirates ក្នុងលទ្ធផល ៣ទល់២។
ជ័យជម្នះមុនរបស់ Manchester City លើក្រុម Wolverhampton Wanderers បានដាក់សម្ពាធលើក្រុមកាំភ្លើងធំដោយបន្តប្រជែងនៅលេខ២ ប៉ុន្តែ Arsenal ធ្វើបានល្អនៅចុងម៉ោង បន្ទាប់ពីបានតាមពីក្រោយស្មើដើម្បីទទួលបាន៣ពិន្ទុបន្ថែមទៀតឈ្នះក្រុមលេខ២ Man City ដាច់៥ពិន្ទុនៅលើកំពូលជាមួយនឹងការប្រកួតនៅក្នុងដៃ។
កីឡាករ Marcus Rashford របស់ Man Utd បានស៊ុតបាល់ចូលទីពីចម្ងាយនាំមុខនៅនាទីទី១៧។ Arsenal បានឆ្លើយតបយ៉ាងស្វិតស្វាញ ហើយ៧នាទីក្រោយមក នៅពេលដែលការបញ្ជូនបាល់របស់ Granit Xhaka បានបង្កើតឱកាសតាមស្មើវិញពីការស៊ុតបាល់របស់កីឡាករNketiah នៅនាទីទី២៤។
ចូលដល់ការប្រកួតតង់ទី២ ក្រុមកាំភ្លើងធំបានបើកការនាំមុខវិញ ដោយការស៊ុតបាល់ជ្រុងរបស់ Bukayo Saka បានជួយឱ្យ Arsenal នាំមុខនៅនាទីទី៥៣ ប៉ុន្តែលទ្ធផលបានប្រែប្រួលមានរយៈពេលត្រឹមតែ៦នាទីប៉ុណ្ណោះដោយខ្សែការពារ Lisandro Martinez បានតាមស្មើ១គ្រាប់សងវិញនៅនាទីទី៥៩បន្ទាប់ពីអ្នកចាំទី Aaron Ramsdale របូតបាល់ចេញពីជ្រុង។
ជិតនឹងចប់ការប្រកួតទៅហើយក្រុមកាំភ្លើងធំ Arsenal ខ្សែប្រយុទ្ធ Saka បានវាយបកទៅតំបន់គ្រោះថ្នាក់ ហើយបញ្ជូនបាល់ឲ្យ Nketiah ស៊ុត១គ្រាប់ទៀតដែលជាគ្រាប់ជ័យជម្នះនៅនាទីទី៩០បន្ទាប់ពីអ្នកចាំទីDavid de Gea មិនអាចជួយសង្គ្រោះបាល់ចុងម៉ោងនេះបាន រហូតដល់ចប់ការប្រកួត Arsenal យកឈ្នះ Man Utd ៣ទល់២។
នេះជាការបរាជ័យរបស់ក្រុមលោក Erik ten Hag ដែលធ្វើឲ្យManchester United បាត់បង់ឱកាសរកបានជ័យជម្នះជាលើកទី៨ជាប់ៗគ្នាក្នុងការប្រកួតកន្លងមក ខណៈដែល Arsenal បានបន្តជ័យជម្នះដោយមិនចាញ់សោះក្នុង៦ប្រកួតជាប់ៗគ្នាកន្លងមក។ លទ្ធផលខាងលើនេះបានធ្វើឲ្យ Arsenal មាន៥០ពិន្ទុ ក្នុង១៩ប្រកួត ខណៈក្រុមលេខ២ Man City មាន៤៥ពិន្ទុ ក្នុង២០ប្រកួត និង Manchester United បានធ្លាក់មកឈរលេខ៤មាន៣៩ពិន្ទុ ស្មើជាមួយ Newcastle United ដែលឈរលេខ៣មាន៣៩ពិន្ទុដូចគ្នាក្នុង២០ប្រកួត ៕
(រូបភាព ៖ BBC Sport)