នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ៥រូប

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃចន្ទទី២៣ ខែមករា ឆ្នាំ២០២៣ម្សិលមិញ​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ៥រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ថ្លែងក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពដែលទើបប្រកាសចូលកាន់តំណែង ត្រូវធ្វើជាគំរូដល់កងកម្លាំងក្រោមឱវាទ ស្របតាមអ្វីដែលជាការប្ដេជ្ញាចិត្ត ហើយត្រូវយកចិត្តទុកដាក់ដឹកនាំគ្រប់គ្រងកងកម្លាំងដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គុណភាព តម្លាភាព គណនេយ្យភាព ពិសេសចេះសណ្ដោសប្រណី អប់រំ ថែរក្សា សុខភាព ជីវភាពកងកម្លាំង និងត្រូវច្បាស់លាស់ម៉ឺងម៉ាត់។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ទៀតថា ប្រធាននាយកដ្ឋាន-អង្គភាព ត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើមិនគប្បី ពាក់ព័ន្ធការគិបកេងលុយកាក់ដែលជារបបរបស់មន្ដ្រីក្រោមឱវាទខ្លួន។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់កសាងអង្គភាព លើកកម្ពស់ស្មារតី រក្សាសាមគ្គីភាព ទាំងផ្ទៃក្នុងអង្គភាព និងអង្គភាពខាងក្រៅ ហើយដាច់ខាតត្រូវតែធ្វើជាគំរូល្អ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន រំលឹកទៀតថា ប្រធាននាយកដ្ឋាន-អង្គភាព ត្រូវតែគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងក្រោមឱវាទ និងក្រុមគ្រួសារ នៅពេលមានទុក្ខលំបាកត្រូវចេះជួយតាមលទ្ធភាពដែលខ្លួនមានដោយបង្ហាញពីស្មារតីយកចិត្តទុកដាក់ ពិសេសតាមរយៈសមាគមមិត្តនគរបាលជាតិកម្ពុជា។ លើសពីនេះ ត្រូវបង្ហាញស្មារតី ឆន្ទៈ ភាពស្មោះត្រង់ដល់មន្ដ្រីរបស់ខ្លួន បើមិនដូច្នេះទេនឹងប្រាស់ចាកជាមួយក្រមសីលធម៌របស់កងកម្លាំង។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏បានគូសបញ្ជាក់ពីភាពជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្គាត់ ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ភាពជោគជ័យនេះ ក៏មានការរួមចំណែកយ៉ាងធំធេងពីកងកម្លាំងនគរបាលជាតិ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំនួសមុខឲ្យរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណចំពោះកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ដែលកន្លងមកបានរួមគ្នាថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ។

សូមជម្រាបថា ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពដែលត្រូវបានប្រកាសចូលកាន់តំណែង នាឱកាសនោះរួមមាន៖
*ទី១៖ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ពីប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន
*ទី២៖ លោកឧត្ដមសេនីយ៍ឯក សែម សុតាន់ ពីប្រធានអង្គភាពតម្រួតបទបញ្ជា ទៅជាប្រធានអង្គភាពអន្តរាគមន៍
*ទី៣៖ លោកឧត្ដមសេនីយ៍ទោ ឆឹង កុមារ ជាប្រធានអង្គភាពតម្រួតបទបញ្ជា
*ទី៤៖ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក
*ទី៥៖ លោកឧត្ដមសេនីយ៍ឯក អ៉ឺង ដារ៉េត ពីប្រធានអង្គភាពអន្តរាគមន៍ ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print