ខេត្តព្រះសីហនុ៖ បុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈ LHR ម្នាក់បានស្លាប់ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចទីតាំងឃ្លាំងស្តុកប្រេង LHR ស្ថិតក្នុងក្រុម៦ ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងឧប្បត្តិហេតុនេះ មានឈ្មោះ ផ សោភណ្ឌ អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនប្រេង LHR មានតួនាទីជាអ្នក កិបសៀល មានទីលំនៅ ស្នាក់នៅក្នុងក្រុមហ៊ុនកន្លែងកើតហេតុនោះតែម្តង និងមានស្រុកកំណើតរស់នៅភូមិ ឃុំបុស្បូវ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ បុគ្គលិករូបនេះ បានឡើងទៅលើស៊ីទែនរថយន្ត ដើម្បីត្រួតពិនិត្យអំពីចំណុះសាំងនៅក្នុងស៊ីទែន ដូចអ្វីដែលខ្លួនធ្លាប់បានបំពេញការងារជាប្រចាំ ប៉ុន្តែ ឡើង រអិល ក៏បានធ្លាក់ពីលើស៊ីទែន បោកក្បាលត្រូវផ្នែកខាងក្រោយ ហើយត្រូវបានដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុកស្ទឺងហាវ តែក្រុមគ្រូពេទ្យអះអាងថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ ។
បច្ចុប្បន្នសាកសព បន្ទាប់ពីសមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យរួចរាល់ ក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ប៉ុន្តែគេពុំដឹងថា តើខាងក្រុមហ៊ុនប្រេង LHR នឹងត្រូវទទួលខុសត្រូវចំពោះបុគ្គលិក ក៏ដូចជាសំណងរដ្ឋប្បវេណី ឬចាត់ចែងជួយធ្វើបុណ្យនោះបែបណានោះទេ ៕
សុខ ខេមរា