ខេត្តកណ្តាល៖ មានករណីលិចទូកមួយគ្រឿងនៅកំពង់ដរកោះកែវ ស្ថិតក្នុងភូមិកោះកែវ ឃុំកែវ ស្រុកល្វាឯម ខេត្តកណ្តាល ខណៈមេឃភ្លៀងនិងខ្យល់ខ្លាំងបណ្តាលឲ្យមានអ្នកដំណើរស្លាប់ និងបាត់ខ្លួនច្រើននាក់ ព្រមទាំងម៉ូតូរបស់អ្នកដំណើរជាច្រើនគ្រឿងផងដែរ។
ករណីលិចទូកខាងលើនេះបានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ហើយបើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រហូតមកដល់ម៉ោងជិត៥ថ្ងៃដដែល សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានរកឃើញសាកសពជនរងគ្រោះម្នាក់ និងអ្នកដំណើរ៤នាក់ដែលបានហែលបណ្តែតខ្លួនរួចផុតពីសេចក្ដីស្លាប់។
តាមប្រភពបានរាយការណ៍ឲ្យដឹងថា អ្នកដំណើរប្រមាណជា៦នាក់ទៀតដែលគេសង្ស័យបាត់ខ្លួនមិនទាន់រកឃើញសូម្បីតែទូកដែលត្រូវខ្យល់កួចបោកលិចទៅក្នុងទឹកទន្លេ។ ក្នុងនោះគេរាយការណ៍ឲ្យដឹងដែរថា មានម៉ូតូ កង់ ច្រើនគ្រឿងទៀតរបស់អ្នកដំណើរក៏បានលិចបាត់ទៅក្នុងបាតទន្លេផងដែរ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងដែរថា នៅមុនពេលហេតុការណ៍នេះកើតឡើងនិងមុនមានភ្លៀងខ្យល់កន្ត្រាក់ខ្លាំងទូកដរមួយគ្រឿងនេះបានដាក់អ្នកដំណើរចាក់ចេញពីច្រាំងនៃកំពង់ដរកោះកែវ។ លុះពេលដំណើរបានបន្ដិចស្រាប់តែខ្យល់កន្ត្រាក់បានបោកបាក់កួចយ៉ាងខ្លាំងឡាយឡំជាមួយនិងគ្រាប់ភ្លៀង គ្រានោះអ្នកកាន់ចង្កូតទូកដរបានសម្រេចចិត្តមិនបន្តដំណើរទៅមុខឆ្លងទន្លេទៀតទេ ដោយកាច់ចង្កូតបត់មករកកំពង់ដរវិញ។ នៅគ្រាដែលបត់ក្បាលទូកមិនទាន់ស្រួលបួលផងក៏ត្រូវខ្យល់បោកពន្លិចកួចទាំងអ្នកដំណើរ និងសម្ភារនៅលើទូកចូលទៅក្នុងទឹកបាត់តែម្តង។ នៅពេលនោះដែរ គេបានឃើញអ្នកដំណើរមួយចំនួនដែលចេះហែលទឹកបានសវ្វេសវ្វាហែលបណ្តែតខ្លួនមកតាមបណ្តោយទឹកហូរ ដើម្បីមកកាន់ច្រាំង និងទីសុវត្ថិភាព។
ករណីនេះក្រោយពីកើតហេតុ និងស្ងប់ខ្យល់ស្ងប់គ្រាប់ភ្លៀងគេបានឃើញអាជ្ញាធរដែនដី និងកម្លាំងប្រដាប់អាវុធបានចុះទៅកាន់កន្លែងកើតហេតុបញ្ចេញទូកកាណូត និងទូកជនជាតិវៀតណាម ព្រមទាំងខ្មែរអ៊ិស្លាមរុករកអ្នកដំណើរដែលបាត់ខ្លួនផ្សេងទៀត។
នៅកន្លែងកើតហេតុមានការលើឡើងដែរថា ម្ចាស់ទូកដរមិនគួរដឹកអ្នកដំណើរ និងចេញដំណើរដោយមិនបានមើលអាកាសធាតុនោះទេ ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់បែបនេះព្រោះតែគិតពីផលប្រយោជន៍របស់ខ្លួន។ ទន្ទឹមនិងនេះក៏មានការសនិដ្ឋានដែរថា អ្នកដំណើរដែលបាត់ខ្លួនអាចនិងបាត់បង់ជីវិត និងម៉ូតូកង់ជាច្រើនគ្រឿងដែលបាត់នៅបាតទន្លេអាចនិងមិនរកឃើញ តើបញ្ហាទាំងអស់នេះអ្នកណាទទួលសុខត្រូវ?៕
ដោយ៖ សណ្តោស