ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ លោកនឹងចាត់វិធានការច្បាប់ ចំពោះរថយន្តធុនធំ ចេញ ចូលក្រុង និងវប្បធម៍អន្តរាគមន៍នៅតែកើតមានធ្វើឲ្យស្ទះចរាចរ និង បង្កការលំបាកដល់សមត្ថកិច្ចក្នុង ផែនការអនុវត្តច្បាប់ ដោយកន្លងមក អាជ្ញាធររាជធានីភ្នំពេញ ចេះ តែបណ្ដែត បណ្ដោយ និងយោគយល់ អនុគ្រោះ តែរថយន្ដ
និងអ្នកអាជីវកម្មទាំងនោះ កាន់តែផ្គើនឡើង ដោយមិនគោរពច្បាប់ចរាចរណ៍អ្វីទាល់តែសោះ លោកប៉ា សុជាតិវង្ស បានព្រមានបែបនេះខណៈ លោកបានកោះអញ្ជើញ មន្ដ្រីក្រោមឱវាទ ពាក់ព័ន្ធ មកប្រជុំបន្ទាន់ នៅសាលាក្រុង កាលពីថ្ងៃទី ០៨ មិថុនា ឆ្នាំ២០១៦ ។
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៏ត្រី អ៊ូច សុខុន ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ នៅរាជធានីភ្នំពេញ បច្ចុប្បន្ននេះមាន រថយន្តក្រឡុកស៊ីម៉ង់ ,រថយន្តដឹកដី,ដឹកខ្សាច់,រថយន្តកុងតឺន័រស្លាកលេខខ.ម ធ្វើឲ្យមានការកកស្ទះចរាចរណ៏ ស្ទើររាល់ថ្ងៃ ចំណែកឯវប្បធម៍អន្តរាគមន៏ នៅតែកើតមាន ដែលបញ្ហានេះបានបង្កការលំបាកដល់ផែនការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ។
លោកបន្ដថា៖ ម្យ៉ាងក្នុងពេលសមត្ថកិច្ច នគរបាលចុះអនុវត្តន៍ផែនការ ឃាត់ ឬចាប់រថយន្តទាំងនោះ អាជ្ញាធរមូលដ្ឋានមិនមានការចូលរួម ឬសហការឲ្យស៊ីសង្វាក់គ្នាសោះ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងទទួលបានលទ្ធផលល្អប្រសើរ ក្នុងពេលដែលអនុវត្ដច្បាប់ ចរាចរផ្លូវគោកដាក់ឲ្យអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៦កន្លងមកនេះ ។
លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ. បានបញ្ជាក់ថា ៖ ល្មមដល់ពេលត្រូវរៀបចំផែនការអនុវត្តតាមការណែនាំហើយជៀសវាងការនិយាយដដែលៗមិនឃើញចេញជាលទ្ធផល ។ ឆ្លើយតបទៅនឹងដំណោះស្រាយបញ្ហានេះ សាលារាជធានីភ្នំពេញបានអនុវត្តវិធានការជាច្រើនដូចជាការ៖ ស្ថាបនាផ្លូវ,ពង្រីកផ្លូវ,ដាក់របាំងចែកទ្រូងផ្លូវ,គំនូសសញ្ញា,ស្លាកសញ្ញា,ភ្លើងសញ្ញាចរាចររួមទាំងវិធានការអប់រំច្បាប់ចរាចរ ដោយមានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាលពិសេសអង្គការJICAជប៉ុនសំដៅធ្វើឲ្យប្រសើរឡើងការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ។
លោកបានរំលឹកថា៖ បច្ចុប្បន្ន នៅរាជធានីភ្នំពេញ លោកបានសង្កេតឃើញឡានធំ ដឹកធ្ងន់ ចេញ ចូលក្រុង នៅតែមាន ទោះបីអាជ្ញាធរភ្នំពេញមានការប្តេជ្ញាចិត្តឬសន្យា ថាលុបបំបាត់ឲ្យអស់ក្នុងឆ្នាំ២០១៦នេះក្តី ។ ពាក់ពន្ធ័បញ្ហានេះ ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុត ចំពោះរថយន្តធំ និងដឹកធ្ងន់ចូលក្រុងឲ្យមាន ប្រសិទ្ធភាព កុំឲ្យ និយាយដ៏ដែលៗច្រើនលើកច្រើនសារ សូមអាជ្ញាធរ ប្រើវិធានការច្បាប់ទើបរៀងចាល ៕
លោក ប៉ា សុជាតិវង្ស បានព្រមានដោយផាកពិន័យ តាមផ្លូវច្បាប់ចំពោះរថយន្តធុនធំចូលក្រុង និងវប្បធម៍អន្តរាគមន៍ នៅតែកើតមានធ្វើឲ្យស្ទះចរាចរ និង បង្កការលំបាកដល់សមត្ថកិច្ចក្នុង ផែនការអនុវត្តច្បាប់
...