ភ្នំពេញ ៖ ពិព័រណ៌ CAMFOOD’ 16 ធ្វើការទាក់ទាញអ្នកពាក់ព័ន្ធក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច ការចូលរួមនៃស្ថាប័ន/ក្រុមហ៊ុននៅក្នុងវិស័យម្ហូបអាហារ និងភេសជ្ជះ ក៏ដូចជា វិស័យសណ្ឋាគារ និង ភោជនីយដ្ឋានត្រូវបានរំពឹងថា នឹងមានចំនួនដ៏ច្រើនគួរអោយកត់សម្គាល់នៅក្នុងកម្មវិធីនៃការរៀបចំពិពរ័ណCAMFOOD’16 /CAMHOTEL’16 ដែលជាការដាក់តាំងបង្ហាញពាក់ព័ន្ធនឹងវិស័យបដិសណ្ឋារកិច្ច, ម្ហូបអាហារ និងភេសជ្ជះ ហើយដែល កម្មវិធីនេះនឹងប្រព្រឹត្តទៅក្នុងរយះពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ នៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ នៃរាជធានីភ្នំពេញ។
ការតាំងពិពរណ័នេះនឹងត្រូវបានប្រារព្ធធ្វើឡើងជាមួយការប្រកួតប្រជែងដ៏គួរអោយទាក់ទាញក្នុង វិស័យបដិសណ្ឋារកិច្ចកម្ពុជា។ ការប្រកួតប្រជែងនេះទៀតសោតគឺត្រូវបានទទួលការរៀបចំយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហព័ន្ធទេសចរណ៍កម្ពុជា ហើយព្រឹត្តិការណ៍នេះនឹងទាក់ទាញចំនួននៃអ្នកចូលរួមដាក់តាំងបង្ហាញផលិតផល បេក្ខភាពប្រកួតប្រជែង ព្រមទាំងអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។ ចំនួននៃអ្នកតាំងបង្ហាញច្រើនជាង ៣០០ក្រុមហ៊ុន ជាមួយនឹងយីហោម៉ាកល្បីៗមកពី ២២ ប្រទេសផ្សេងគ្នា រួមទាំងក្រុមហ៊ុនដែលចូលតាមរយះ PAVILION មកពី សហរដ្ឋអាមេរិច សធារណរដ្ឋប្រជាមានិតចិន ប្រទេសអ៊ីតាលី ម៉ាឡេស៊ី ជប៉ុន ថៃ សិង្ហបុរី តៃវ៉ាន់ និងកម្ពុជាផងដែរបានរំពឹងផ្តោតទៅលើការដាក់តាំងបង្ហាញនូវផលិតផល ឧបករណ៍ បច្ចេកវិទ្យា និងគំនិតថ្មីៗចុងក្រោយទៅកាន់វិស័យសណ្ឋាគារ &ភោជនីយដ្ឋាន និងការរៀបចំ Catering ដ៏សំខាន់មួយនេះ។ លើសពីនេះក្នុងកម្មវិធីសន្និសិតកាសែតនាឳកាសនេះ យើងក៏ចង់បង្ហាញនូវម្ចាស់ឧបត្ថម្ភ ក៏ដូចជាអ្នកតាំងបង្ហាញធំៗ នៅក្នុងពិពរ័ណឆ្នាំនេះ រួមមាន ក្រុមហ៊ុន LSH, AUSKHMER, KOFI, SUNSHINE, CHARLES WEMBLY, US POULTRY & EGG EXPORT COUNCIL, CAMFOOD/CAMHOTEL’16 គឺត្រូវបានរៀបចំឡើងដើម្បីជាប្រភពសំខាន់មួយដល់អ្នកពាក់ព័ន្ធក្នុងវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ ដែលបាននឹងកំពុងស្វែងរកនូវដំណោះស្រាយចុងក្រោយបង្អស់។ លើសពីនេះទៅទៀតវាក៏ជាឳកាសពិសេសសម្រាប់ក្រុមហ៊ុន អ្នកចែកចាយចំណីអាហារ និងភេសជ្ជះក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ថ្មីៗ ព្រមទាំងបង្កើតនូវដៃគូវិនិយោគ ជាមួយក្រុមហ៊ុនផលិតកម្មដែលបាននឹងកំពុងស្វែងរកភ្នាក់ងារក្នុងប្រទេសកម្ពុជាដូចគ្នា។
តាមប្រសាសន៍របស់លោក លូ ម៉េង ប្រធាននៃ សហព័ន្ធទេសចរណ៍កម្ពុជា និងជាសហប្រធាននៅក្នុង វិស័យឯកជនធ្វើការ ពាក់ព័ន្ធ នឹងវិស័យបដិសណ្ឋារកិច្ច បានលើកឡើងថាកម្មវិធី“CAMFOOD/CAMHOTEL’16 និងការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចជាតិ គឺត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រលើការអភិវឌ្ឍនៃវិស័យបដិសណ្ឋារកិច្ច ម្ហូបអាហារ និងភេសជ្ជះ នៅក្នុងប្រទេសតាមរយះ ការណែនាំនូវផលិតផល ឧបករណ៍ផ្គត់ផ្គង់ចុងក្រោយ និងការផ្សព្វផ្សាយជំនាញចម្អិនអាហារ ឯកទេសលើ ម្ហូបអាហារ និងភេសជ្ជះ ដែល កើតមាននៅក្នុងការប្រកួតប្រជែង ដ៏ច្រើន។ អ្វីដែលជាចំណុចលើសពីនេះ គឺវានឹងត្រូវបានរួមគ្នាយ៉ាងពិសេស ជាមួយនឹងឳកាស កសាងបណ្តាញសម្រាប់ចែករំលែកបទពិសោធន៍ ហើយស្វែងរកឳកាសកសាងជំនួញថ្មីៗ”។
កម្មវីធីCAMFOOD/CAMHOTEL’16 និងការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចជាតិត្រូវបានគាំទ្រដោយក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និង រៀបចំដោយសហព័ន្ធទេសចរណ៍ សមាគមសណ្ឋាគារកម្ពុជា សហព័ន្ធចុងភៅកម្ពុជា សមាគមចុងភៅកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា និងសមាគមអ្នកជំនាញស្រាកម្ពុជា។ ការតាំងពិពរ័ណគឺត្រូវបានរៀបចំដោយ ក្រុមហ៊ុន AMB Tarsus Events Group ដែលជាអ្នករៀបចំព្រឹត្តិការណ៍ដ៏ធំលក្ខណះអន្តរជាតិ ជាមួយនឹង ការតាំងពិពរ័ណ MYANFOOD និង WOFEX នៅក្នុងប្រទេសហ្វីលីពីន ៕
ដោយ៖ ស ដារ៉ា