ការប្រកួតបាល់ទាត់ដណ្តើមជើងឯកទ្វីបអឺរ៉ុបឬហៅថាយូរ៉ូឆ្នាំ២០១៦នឹងចាប់ផ្តើមឡើងនៅក្នុង ថ្ងៃនេះហើយគឺក្រុមម្ចាស់ផ្ទះបារាំងនឹងត្រូវប៉ះក្រុមជម្រើសជាតិរ៉ូម៉ានីក្នុងពិធីបើកឆាកនៅឯកីឡដ្ឋាន Stade de France ។
អ្នកវិភាគបាល់ទាត់មួយចំនួនសង្ឃឹមថាក្រុមម្ចាស់ផ្ទះបារាំងនឹងអាចលើកពាននៅក្នុងទឹកដីរបស់ខ្លួនតែពួកគេក៏មិនអាចមើលរំលងក្រុមខ្លាំងដូចជាម្ចាស់ពានរង្វាន់ពិភពលោកអាល្លឺម៉ង់ និងម្ចាស់ជើងឯកយូរ៉ូចាស់២សម័យជាប់ៗគ្នាអេស្ប៉ាញផងដែរ។
អ្នកជំនាញបាល់ទាត់របស់គេហទំព័រ កីឡា Sportsmail រួមមានលោក Jamie Redknapp, Jamie Carragher និង Martin Keown បានធ្វើការវិភាគនិងទស្សន៍ទាយថាតើក្រុមណាដែលអាចឈ្នះជើងឯកឆ្នាំនេះ? តើក្រុមជម្រើសជាតិអង់គ្លេស អាចលេងដល់វគ្គណា?
សំណួរទីមួយតើក្រុមណាដែលអាចឈ្នះជើងឯកយូរ៉ូឆ្នាំ២០១៦នេះ?អតីត ខ្សែបម្រើសញ្ជាតិអង់គ្លេស Jamie Redknapp បាននិយាយថា បារាំងគឺជាក្រុមដែលនឹងឈ្នះពាននេះ។ ពួកគេមានកីឡាករ ល្បឿនលឿននិងបច្ចេកទេសខ្ពស់ដូចជា Antoine Griezmann និង Paul Pogba ចំណែកកីឡាករ Dimitri Payet និង N’Golo Kante ក៏កាន់តែអាចបន្ថែមគុណភាពកាន់តែខ្លាំងទៀត។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេគឺជាម្ចាស់ផ្ទះដែលធ្វើឲ្យពួកគេមានកម្លាំងចិត្តខ្លាំងក្លា ។
អតីតខ្សែការពារជម្រើសជាតិអង់គ្លេស Jamie Carragher បានឆ្លើយនឹងសំណួរខាង លើថា “ខ្ញុំមើលឃើញប្រទេសតែបីប៉ុណ្ណោះដែលអាចឈ្នះជើងឯកមានដូចជា អេស្ប៉ាញ អាល្លឺម៉ង់ និងបារាំង។
ចំណែកឯអតីតខ្សែការពារអង់គ្លេសម្នាក់ទៀតឈ្មោះ Martin Keown ទស្សន៍ទាយថាមានតែអេស្ប៉ាញមួយគត់ដែលអាចឈ្នះពានរង្វាន់នេះដោយសារតែពួកគេមាន កីឡាករច្រើនបានឈ្នះពានរង្វាន់ធំៗនៅ តំបន់អឺរ៉ុប ហើយពួកគេនឹងបន្តទម្រង់លេងដ៏ល្អរបស់ពួកគេទៀត ។
សំណួរទី២គឺផ្តោតទៅលើក្រុមជម្រើសជាតិអង់គ្លេសថា តើពួកគេអាចលេងដល់ វគ្គណា។ លោក Jamie Redknapp បាន ថ្លែងថាអង់គ្លេសអាចឆ្លងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Jamie Carragher ថាអង់គ្លេសអាចនឹងលេងបានត្រឹមវគ្គ៨ក្រុមចុងក្រោយប៉ុណ្ណោះ ខណៈ Martin Keown ក៏យល់ឃើញដូច Jamie Carragherដែរ។
គួររំលឹកថា ក្រុមជម្រើសជាតិបារាំងធ្លាប់បានឈ្នះជើងឯកយូរ៉ូនៅក្នុងទឹកដីរបស់ ខ្លួនកាលពីឆ្នាំ១៩៨៤ ហើយថែមទាំងឈ្នះជើងឯកពិភពលោកឆ្នាំ១៩៩៨ទៀតផង។ លទ្ធផលនេះបានធ្វើក្រុមជម្រើសជាតិបារាំងមានកម្លាំងចិត្តនិងស្មារតីខ្លាំងថានឹងឈ្នះជើងឯកនៅក្នុងទឹកដីរបស់ខ្លួនម្តងទៀតនៅក្នុងឆ្នាំនេះ ៕
ដោយ៖ ដេវីត